ភ្នំពេញ : បុរសម្នាក់ ខណ:ដែលកើតមានទំនាស់ជាមួយសន្តិសុខផ្សារជម្ពូវ័ន្តដោយ ខឹងនិងសន្តិសុខផ្សារ ដេញមិនឲ្យ ឈប់កង់បី លក់ទុរេន ទើបបង្កហឹង្សាយកកូនកាំបិតដេញចាក់ កាលពីព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨ និង៣០នាទី ភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌេពោធិ៍សែនជ័យ។
បុរសលក់ទុរេន មានឈ្មោះថេង ម៉េង អាយុ៤៣ឆ្នាំ មុខរបរ បើកកង់បីលក់ទុរេនស្នាក់នៅភូមិសាមគ្គីសង្កាត់ត្រពាំងក្រសាំងខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្ដាល។
ចំណែកសន្តិសុខ រងគ្រោះមាន ឈ្មោះ ជីវ ផា អាយុ៣៤ឆ្នាំ ស្នាក់ក្នុងផ្សារជម្ពូវ័ន្ត មានស្រុកកំណើតនៅភូមិត្បូងអង់ ឃុំព្រៃញាតិ ស្រុកគងពិសីខេត្តកំពង់ស្ពឺ ។
បើតាមសម្តីសន្តិសុខ បានឲ្យដឹងថាដោយមានក្បួនថ្នាក់ដឹកនាំ ឆ្លងកាត់ ទើបគាត់ដេញម៉ូតូកង់បី លក់ទុរេន មិនឲ្យឈប់ លក់ នៅលើចិញ្ចើមផ្លូវអាចបណ្ដាលឲ្យមានការកកស្ទុះចរាចរណ៍ ក៏កើតទំនាស់សម្តីគ្នា ស្រាប់តែបុរសលក់ទុរេន បែរជាខឹងនិងសន្តិសុខ ទើបយកកូនកាំបិតដេញចាក់តែម្ដងតែ មិនបណ្ដាលឲ្យរងរបួសនោះទេ ត្រូវបានក្រុមសន្តិសុខដូចគ្នាជួយចាប់យក កូនកាំបិតចេញនិងចាប់ឃាត់ខ្លួនបុរសខាងលើយកប៉ុស្ដិ៍ចោមចៅ។
បើតាមសំដីបុរសអ្នកលក់ទុរេនបានឲ្យដឹងថា រូបគាត់មិនបានដេញចាក់សន្តិសុខផ្សារ ដូចការចោទប្រកាន់នោះទេ គ្រាន់តែទាស់ ពាក្យសំដីគ្នាតែប៉ុណ្ណោះ។
បច្ចុប្បន្នភាគីអ្នកលក់ទុរេនត្រូវបានសមត្ថកិច្ចជំនាញប៉ុស្ដិ៍ចោមចៅហៅមកធ្វើកិច្ចសន្យាអប់រំដើម្បីកុំឲ្យកើតមានករណីបែបនេះទៀត៕
មតិយោបល់