ព័ត៌មានជាតិ

បើករថយន្តដឹកកុងតឺន័រចេញពីក្រុមហ៊ុនភ្លាម បុកម៉ូតូភ្លែត តៃកុងគេចខ្លួនបាត់

ភ្នំពេញៈ រថយន្តដឹកកុងតឺន័រ១គ្រឿងរបស់ក្រុមហ៊ុនផែស្ងួន តេង ឡាយ បានបើកចេញពីក្នុងក្រុមហ៊ុនបុក និងកិនម៉ូតូ១គ្រឿង ដែលកំពុងបើកបរ បណ្ដាលឲ្យបុរសម្នាក់រងរបួស និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនភ្លាមៗ ចំណែកម៉ូតូវិញបានស្ថិតនៅក្រោមរថយន្តបង្កនោះ ហើយអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល។

ករណីគ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវទំនប់កប់ស្រូវ ទល់មុខក្រុមហ៊ុនផែស្ងួន តេង ឡាង ស្ថិតក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ម៉ូតូដែលគ្រោះថ្នាក់ខាងលើម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DQ-6469 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ដែលបានរងរបួសយ៉ាងដំណំ ចំណែកឯរថយន្តបង្កម៉ាក នីស្សាន់ ពណ៌ខៀវ ពាក់ស្លាកលេខ តាកែវ3A-0706 អ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កខាងលើបានបើកចេញពីក្នុងក្រុមហ៊ុនមិនបានមើលមុខមើលក្រោយ ជ្រុលទៅបុកម៉ូតូពេញទំហឹងតែម្តង បណ្តាលឲ្យដួលម៉ូតូរងរបួស។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់ ចំណែកអ្នករងរបួសត្រូវបានគេបញ្ជូនទៅ កាន់គ្លីនិកឯកជនដើម្បីសង្គ្រោះភ្លាមៗដែរ។ រីឯម៉ូតូដែលខូចខាតត្រូវសាច់ញាតិជនរងគ្រោះ និងភាគីតំណាងខាងរថយន្តដោះស្រាយគ្នាដោយសន្តិវិធីដើម្បីបញ្ចប់រឿង៕

មតិយោបល់