ភ្នំពេញៈ រថយន្តហាយឡែនឌ័រមួយគ្រឿង ស្លាកលេខ ខ.ម បើកបរដោយបុរសម្នាក់ បួងចង្កូតមិនទាន់ជ្រុលទៅបុកខឿនស្ពានអាកាស៥មករា ខាងក្រោមដី យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្រោមស្ពានអាកាស៥មករា ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេកើតហេតុ គេបានឃើញរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ស្លែ ពាក់ស្លាកលេខ ខេមរភូមិន្ទ 2.2043 បើកដោយបុរសម្នាក់ ក្នុងល្បឿនលឿន ដោយធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច លុះបានមកដល់ចំណុចកើតហេតុខាងក្រោមស្ពានអាកាស៥មករា ក្នុងគោលបំណងបត់ស្តាំ តែរថយន្តបួងចង្កូតមិនទាន់ ដោយសារតែល្បឿនលឿនគួរសមដែរ ក៏ជ្រុលទៅបុកជាមួយនឹងខឿនស្ពានក្រោមដី យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខ ធ្លាក់កាងដល់ដី សំណាងល្អគ្មាននរណាម្នាក់រងរបួស។
ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ការិយាល័យចរាចរណ៍ជើងផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
មតិយោបល់