ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿងបើកបរដោយបុរសម្នាក់ខ្វះការប្រុងប្រយត្ន័ បានជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាសេ១២៥ យ៉ាងពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ រួចរថយន្តបង្កមិនបានឈប់ធ្វើការដោះស្រាយគ្នានោះទេ បែរជាបន្ថែមល្បឿនកាន់តែលឿនបើកគេចតាំងពីខណ្ឌដូនពេញ រហូតមកដល់ជិតសាលាឥន្ទរៈទេវី ក្នុងខណ្ឌទួលគោក ទើបឃាត់បានទាំងរថយន្តនិងម្ចាស់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើផ្លូវលេខ៥១ កែងផ្លូវ២០០ ក្នុងសង្កាត់បឹងរាំងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមសាក្សីដែលឃើញហេតុការណ៍បាននិយាយថា មុនកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A-0999 មួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង តាមផ្លូវលេខ៥១ កែងនិងផ្លូវលេខ២០០ លុះបានមកដល់ចំណុចកើតហេតុ ក៏រេចង្កូតរថយន្តទៅបុកម៉ូតូមួយគ្រឿងពេញទំហឹង ដែលបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ។ បន្ទាប់មកម្ចាស់រថយន្តខាងលើ មិនបានឈប់ដោះស្រាយគ្នានោះទេ គឺព្យាយាមបើករត់រហូតជិត៥គីឡូម៉ែត្រទើបចាប់បាន។
ទង្វើបើករត់របស់ម្ចាស់រថយន្តបង្កខាងលើ ត្រូវបានប្រជាពលរដ្ឋដែលឃើញហេតុការណ៍នាំគ្នារិះគន់ចំៗថា ម្ចាស់រថយន្តនេះមានរថយន្តទំនើបជិះហើយ តែចរិកដូចជាមិនសូវថ្លៃសោះ គ្រាន់តែបុកម៉ូតូគេប៉ុណ្ណឹង មិនព្រមឈប់ដោះស្រាយដែរ។
ក្រោយកើតហេតុ ចំពោះម៉ូតូនិងរថយន្តខាងលើ ត្រូវបាននគរបាលជំនាញចុះមកវាស់វែង ដោយស្ទូចយកទៅរក្សាទុកដើម្បីរង់ចាំម្ចាស់រថយន្តខាងលើចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕
https://youtu.be/hA-2luY9iCA
មតិយោបល់