ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យម្នាក់ ដែលពាក់ពន្ធ័ករណីលួចម៉ូតូ២គ្រឿង

ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌទួលគោកដែលដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះមានការជាប់ពាក់ពន្ធ័នឹងករណីលួចម៉ូតូប្រជាពលរដ្ឋ២គ្រឿងនៅក្នុងសង្កាត់ទឹកល្អក់១ ។ ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ក្រុមទី២៤ ភូមិ៩ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនបានខាងលើ មានឈ្មោះ ចាន់ សីហា ហៅ រ៉ូ ហៅ មករា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងកាត់សក់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្នុងនោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1DM-0430 (ជាស្លាកលេខ ក្លែងក្លាយ) ជាម៉ូតូរបស់ជនរគ្រោះឈ្មោះ រឿន សុរិន្ទ, ដែកសម្រាប់កាច់កម៉ូតូ ចំនួន២,សោទីបលេខ៨ ចំនួន១ រួមនិងកូនសោម៉ូតូរូបសញ្ញាហុងដាចំនួន៥ ។

សមត្ថកិច្ចបានឲ្យដឹងថា មុននឹងឈានដល់ការចាប់ខ្លួនបានជនសង្ស័យខាងលើ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៨ព្រឹក ជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូ យកទៅចតទុកនៅកន្លែងចំណតម៉ូតូ ដោយពុំបានចាក់សោ កនោះទេ ហើយបានឡើងទៅធ្វើការតាមបន្ទប់ ។ រហូតដល់ម៉ោងប្រហែល៣រសៀលថ្ងៃដដែល ខណៈដែលចេញពីធ្វើការចុះមកវិញមកបាត់ម៉ូតូតែម្តង ទើបប្តឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ។ ក្រោយពីទទួលបានពាក្យបណ្តឹងជនរងគ្រោះរួចមក សមត្ថកិច្ចបានសហការជាមួយអគ្គនាយក ដ្ឋានពន្ធដា បានឆែកកាមេរ៉ាសុវត្ថិភាព បានឃើញ សកម្មភាពជនសង្ស័យឈ្មោះ ម៉ែន ច័ន្ទវាសនា ហៅ ស្នា ជាអតីតបុគ្គលិកជាប់កិច្ចសន្យាធ្វើការនៅផ្នែករដ្ឋបាលអគ្គនាយកដ្ឋានពន្ធដា និងបក្សពួកម្នាក់ទៀត បានចូលធ្វើសកម្មភាពលួចម៉ូតូទាំងពីរគ្រឿងនេះ។ ទើបនៅវេលាម៉ោងប្រហែល១០យប់ សមត្ថកិច្ចយើងបានសហការជាមួយសន្តិសុខអគ្គនាយដ្ឋានពន្ធដា ចុះធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉ែន ច័ន្ទវាសនា ហៅ ស្នា ដល់កន្លែងស្នាក់នៅតែម្តង។ ចំណែកបក្ខពួកម្នាក់ទៀតគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១១និង៣០នាទី យប់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ចាន់ សីហា ហៅ រ៉ូ ហៅ មករា នេះបានតែម្តង។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ម៉ែន ច័ន្ទវាសនា ហៅ ស្នា សមត្ថកិច្ចបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារម១រួចមកហើយ។ ដោយឡែកជនសង្ស័យឈ្មោះ ចាន់ សីហា ហៅ មករា ហៅ រ៉ូ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់