កណ្ដាលៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ សួនច្បារកម្សាន្ត សម្រាប់កុមារ លេងកម្សាន្តឧបករណ៍នានា ជាច្រើនបែបនៅមាត់ទន្លេក្រុងតាខ្មៅ ត្រូវបានរៀបចំសម្ភោធ ដាក់ឲ្យប្រើប្រាស់ ដែលជាសមិទ្ធផលថ្មី សម្រាប់ប្រជាពលរដ្ឋក៏ដូចជាកុមារ នៅក្រុងតាខ្មៅ សម្រាប់ដើម ឆ្នាំ២០២០។
ឧបករណ៍កុមារជាច្រើនប្រភេទ ត្រូវបានអនុញ្ញាត ឱ្យកុមារចូលលេងដោយសេរី ចាប់ពីថ្ងៃសម្ភោធដាក់ឱ្យប្រើប្រាស់នេះតទៅ ដោយមិនយកកម្រៃអ្វីទាំងអស់។
បើគិតដល់ថ្ងៃនេះ ត្រឹមតែរយៈពេល១៣ថ្ងៃប៉ុណ្ណោះ ទីកន្លែងមួយនេះ កំពុងក្លាយជាទីទុកសម្ភារខូចបណ្ដើរៗទៅហើយ។
យោងតាមរូបភាព ដែលបានថតនៅទីកន្លែងឃើញថា សម្ភារៈសម្រាប់កុមារនៅទីនោះ បែរជាយុវវ័យមួយចំនួនតូច ដណ្ដើមគ្នាលេង ធ្វើឲ្យអាយុកាលនៃការប្រើប្រាស់ឆាប់ខូច។ លើសពីនេះ មុននឹងចូលទីកម្សាន្ត មានដាក់ស្លាកហាមពាក់ស្បែកជើងចូល ហើយក៏ហួសចិត្តទៅលើយុវសិស្សប្រហែលរៀនថ្នាក់ទី៧ បានដើរចូលមិនព្រមដោះស្បែកជើង និងបានសួរនាំ ហេតុអ្វីប្អូនមិនព្រមដោះស្បែកជើង? បែរជាឆ្លើយថា ស្បែកជើងខ្ញុំពិបាកដោះទៅវិញ៕



















មតិយោបល់