ភ្នំពេញៈ ស្ត្រីម្នាក់ បានដើររកប្តី ដែលតែងតែដើរចោលគាត់ មិនគិតជួយលក់ដូរ ហើយចៃដន្យតាមទាន់ ខណៈប្តីកំពុងនៅជាមួយស្រីក្មេង ក្នុងបន្ទប់ផ្ទះសំណាក់ ក៏ផ្ទុះជាហិង្សាតែម្តង រួចស្ត្រីជាប្រពន្ធអូសដៃប្តីទៅកាន់សាលាសង្កាត់ចោមចៅ សុំឲ្យជួយរកខុសរកត្រូវ ដោយស្ត្រីជាប្រពន្ធនចោទប្រកាន់ថា ប្ដីរបស់គាត់មានសាហាយលួចលាក់ ស្នេហាជាមួយស្រីផ្សេងនៅក្រៅផ្ទះ។
ស្ត្រីជាប្រពន្ធឈ្មោះ ញ៉ែ ហៀង អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ បានប្រាប់អាជ្ញាធរសង្កាត់ថា គាត់បានរៀបការ នឹងគ្នាក្លាយជាប្តីប្រពន្ធច្រើនឆ្នាំ និងមានទាំងកូនប្រុសស្រីចំនួន៤នាក់ មានទីលំនៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ស្ត្រីជាប្រពន្ធបាននិយាយទៀតថា មួយរយៈចុងក្រោយនេះ ប្តីគាត់មិនសូវនៅផ្ទះទេ ហើយក៏មិនរវល់ជួយលក់ដូរដែរ គឺដើរបាត់ៗរាល់ថ្ងៃ។ ហើយព្រឹកថ្ងៃទី៣ មេសា គាត់បានតាមទាន់ ខណៈដែលប្ដីកំពុងស្ថិតនៅក្នុង ផ្ទះសំណាក់ជាមួយស្រីស្នេហ៍វ័យក្មេងថែមទៀតផង ទើបធ្វើឲ្យគាត់កើតក្ដីក្ដៅក្រហាយ អត់ទ្រាំលែងបាន ក៏នាំលោកប្ដីកំហូចទៅកាន់សាលាសង្កាត់ចោមចៅ ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរ។
នៅចំពោះមុខមន្ត្រីសង្កាត់ បុរសជាប្តីឈ្មោះ ប៊ី ណាត អាយុ៤១ឆ្នាំ បានបដិសេធន៍ថា គាត់មិនបានប្រព្រឹត្តដូចជាការចោទប្រកាន់របស់ប្រពន្ធនោះឡើយ។
ប្រភពព័ត៌មាន ពីមន្ត្រីសាលាសង្កាត់ចោមចៅ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្ដីប្រពន្ធ១គូនេះ បាននាំគ្នាទៅសុំឲ្យជួយអន្តរាគមន៍ រកខុសរកត្រូវអំពីរឿងរ៉ាវ ដែលបានកើតឡើងនៅក្នុងក្រុមគ្រួសារ ខណៈនាងជាប្រពន្ធបានប្រាប់ថា ប្ដីរបស់គាត់មានចិត្តមិនស្មោះត្រង់ ក្បត់ចិត្តគាត់មានសាហាយ លួចលាក់ស្នេហាយ៉ាងផ្អែមល្ហែមជាមួយស្រីក្មេង ក្រៅផ្ទះរហូតតាមទាន់នៅផ្ទះសំណាក់ទៀតផង និងមិនបានគិតគូរដល់គាត់ និងកូនប្រុសស្រីចំនួន៤នាក់ឡើយ ហើយបានដើរលេង អត់ធ្វើការរកស៊ីអ្វីទាំងអស់។
មន្ត្រីសាលាសង្កាត់ចោមចៅ បានបញ្ជាក់ថា បន្ទាប់ពីអាជ្ញាធរបានពន្យល់ណែនាំអស់ពេលដ៏យូរមកនោះ ប្តីប្រពន្ធមួយគូនេះបាននាំគ្នាត្រឡប់ទៅផ្ទះវិញ។ ចំពោះស្រីស្នេហ៍លោកប្តីនោះ ស្ត្រីជាប្រពន្ធមិនបានចាត់ការអ្វីនោះទេ ដោយទុកឲ្យនាងរួចខ្លួន៕
មតិយោបល់