ព័ត៌មានជាតិ

សមត្ថកិច្ច បង្ក្រាបបានមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្មម្នាក់

ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ឫស្សីកែវ និងប្រជាការពារសង្កាត់ឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅមុខការាស់សាំង PTT តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

លោក តូច គីមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានឲ្យដឹងថា ជនសង្ស័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងតាមដានជាច្រើនថ្ងៃមកហើយ ទើបតែពេលនេះ កម្លាំងសមត្ថកិច្ចបានធ្វើការបង្ក្រាបជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន នៅចំណុចមុខការាស់សាំង PTT តាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ហើយសមត្ថកិច្ចបានឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លា ចំនួន១កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងនាំមកប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីធ្វើការសាកសួរ។

លោក ណាយ ច័ន្ទណារ័ត្ន មន្ត្រីព្រហ្មទណ្ឌបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខន វណ្ណី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ព្រមទាំងបានដកហូតថ្នាំញៀន១កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីសង់ សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1N-1618។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានជួញដូរ និងចែកចាយគ្រឿងញៀនពិតប្រាកដមែន ដោយក្នុង១កញ្ចប់រូបគេចំណាញបាន១០ ០០០រៀល។

ជនសង្ស័យបានប្រាប់បន្តទៀតថា រូបគេបានប្រកបមុខរបរនេះ មានរយៈពេល៥ឆ្នាំមកហើយ ដោយរូបគេយកថ្នាំញៀននេះនៅម្តុំរោងចក្រឆ្នាំង ស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយរូបគេយកថ្នាំញៀនចំនួន៥ហ៊ុន បែងចែកដាក់ក្នុងកញ្ចប់តូចៗ ដើម្បីយកទៅលក់ក្នុងតម្លៃ ១០ ០០០រៀលទៅ ២០ ០០០រៀលក្នុងមួយកញ្ចប់។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

មតិយោបល់