ត្បូងឃ្មុំៈ ជនសង្ស័យជាប្តីម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីស្រាវជ្រាវរកឃើញថា ជនសង្ស័យរូបនេះ បានប្រឌិតរឿងប្រពន្ធដែលស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ពីលើម៉ូតូ ទៅជាករណីឃាតកម្មផ្អើលសមត្ថកិច្ច។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ បានឲ្យដឹងថា កាលពីចន្លោះវេលាម៉ោង៩ ម៉ោង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានហេតុការណ៍ថា មានស្ត្រីម្នាក់ ត្រូវបានគេសម្លាប់រួចលើកសពមកដល់នៅលើគ្រែខ្ទមចម្ការមួយកន្លែង ក្នុងភូមិជាំទ្រៀក ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ដោយសាកសពជនរងគ្រោះមានឈ្មោះ លន សារឿន ភេទស្រី អាយុ៣៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុខាងលើ។
សមត្ថកិច្ចបានបន្តថា បន្ទាប់ពីកើតហេតុភ្លាម សមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ ដឹកនាំដោយលោកវរសេនីយ៍ឯក ប្រាក់ ប៊ុនណុន សហការជាមួយជំនាញនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បើកការស៊ើបអង្កេត រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១២ធ្នូ រហូតមកដល់ថ្ងៃទី១៤ ធ្នូ ។ ជាលទ្ធផលសមត្ថកិច្ចរកឃើញថា ករណីនេះពុំមែនជាករណីឃាតកម្មនោះឡើយ ផ្ទយទៅវិញគឺជាករណីគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ពីលើម៉ូតូ បណ្តាលឲ្យបាក់ករស្លាប់តែប៉ុណ្ណោះ ព្រោះថា នៅថ្ងៃកើតហេតុ ទាំង២នាក់ប្តីប្រពន្ធ បានផឹកស្រាស្រវឹងទាំងអស់គ្នា ហើយចន្លោះម៉ោង៩ទៅម៉ោង១០យប់ ប្តីបានឌុបប្រពន្ធទៅចម្ការ ដោយតាមផ្លូវមានប្រឡាយកាត់សម្ការ ទើបមានការដាក់ក្តារធ្វើជាស្ពានសម្រាប់ឆ្លងកាត់ ខណៈដែលជិះមកដល់ប្រឡាយនោះ បុរសជាប្តីបានបើកម៉ូតូកាត់ក្តារនោះដើម្បីឆ្លង ក៏រអិលដួលបណ្តាលឲ្យជនរងគ្រោះជាប្រពន្ធធ្លាក់បាក់ក ស្លាប់ភ្លាមៗ រួចហើយជនសង្ស័យជាប្តីរូបនេះ បានយកសាកសពប្រពន្ធដាក់លើគ្រែ រួចប្រឌិតទៅជារឿងជាករណីឃាតកម្មទៅវិញ។
ដូច្នេេះហើយ ទើបសមត្ថកិច្ចសម្រេចធ្វើការចាប់ខ្លួនបុរសជាប្តីឈ្មោះ រស់ សុផាត ភេទប្រុស អាយុ៤៦ឆ្នាំ រូបនេះតែម្តង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្តន្ទារទោសពីបទ កុហកសមត្ថកិច្ច រហូតបើកការស៊ើបអង្កេត ហើយក៏បន្តការស្រាវជ្រាវបន្ថែម ក្រែងមានបញ្ហាពាក់ព័ន្ធករណីផ្សេងដែលនាំឲ្យមាន ការប្រឌិតរឿងបែបនេះ៕
មតិយោបល់