ត្បូងឃ្មុំៈ ជនសង្ស័យដែលជាជនជាតិវៀតណាមម្នាក់ ត្រូវបានជំនាញផែនសន្តិសុខ និងជំនាញផែនយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីជនជាតិវៀតណាមរូបនេះ បានឆ្លងដែនចូលមកក្នុងប្រទេសជិះម៉ូតូដើរលក់ឆោ្នតសន្លឹកវៀតណាម។
ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង៤០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្សារមេមត់ ស្ថិតនៅភូមិមេមត់ផ្សារ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ជនជាតិវៀតណាមដែលសមត្ថកិច្ចចាប់ខ្លួនខាងលើ មានឈ្មោះ វៀន យ៉ាងវិន ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិក្រុមទី១ ឃុំតាំងហា ស្រុកតាំងចូវ ខេត្តតៃនិញ ប្រទេសវៀតណាម ) ដែលចូលមកតាមច្រកត្រពាំងឬស្សី ឃុំរូង មកលក់ឆ្នោតសន្លឹករបស់ជាតិវៀតណាម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅចំណុចកើតហេតុខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីធ្វើការសាកសួរចាត់ការបន្ត ។
លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នជំនាញយើងបានធ្វើការអប់រំ និងចុះកិច្ចសន្យាឈប់ឲ្យចូលមកលក់ឆ្នោតនៅក្នុងទឹកដីកម្ពុជាបន្តទៀត និងបានបញ្ចូនជនជាតិវៀតណាមខាងលើចេញតាមច្រកត្រពាំងឬស្សី ឃុំរូង ដើម្បីទៅប្រទេសវៀតណាមវិញ៕
មតិយោបល់