ថៃៈ ស្ត្រីរងគ្រោះម្នាក់ដែលគេស្គាល់ច្បាស់ថាមានសញ្ជាតិជាខ្មែរហើយមានស្វាមីជាជនជាតិថៃ ត្រូវបានគេប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងទឹកអូរក្បែរព្រំដែនកម្ពុជា ថៃ ប្រមាណជា២ថ្ងៃមកហើយ បន្ទាប់ពីស្ត្រីរងគ្រោះជាមួយនឹងស្វាមី ទើបនឹងត្រឡប់មកពីលេងម្តាយនៅក្នុងទឹកដីកម្ពុជារួចមក។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ នៅវេលាម៉ោង៧និង៥០នាទីព្រឹក មានបុរសម្នាក់ឈ្មោះ ធីរៈសាក់ ធៀបប៉ាក់ធុំ អាយុ៣០ឆ្នាំរស់នៅក្នុងតំបន់ ភូណាំកៀង ក្នុងភូមិ៩ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រាក់ថេត ខេត្តស្រះកែវ ប្រទេសថៃ បានចេញទៅមើលចម្ការដំឡូងរបស់ខ្លួន ហើយក៏បានប្រទះឃើញសពស្ត្រីម្នាក់ស្លាប់អណ្តែតក្នុងទឹកអូរ ដោយមានភិនភាគ មិនមានស្លៀកខោ តែពាក់អាវ ដៃវែងពណ៌ក្រហម អណ្តែតផ្កាប់មុខ ទើបលោកបានយកដំណឹងនោះមករាយការណ៍ទៅសមត្ថកិច្ចនៅក្នុងតំបន់នោះដើម្បីចុះត្រួតពិនិត្យ។ ខណៈនោះដែរ គឺមានមនុស្សមួយចំនួនបានស្គាល់ស្ត្រីរងគ្រោះយ៉ាងច្បាស់ថា នាងមានឈ្មោះ ដា អាយុ៤៧ឆ្នាំ រស់នៅក្នុងតំបន់ខាងលើ ដោយមានស្វាមីជាជនជាតិថៃឈ្មោះ សុំផន គុំសាវ៉ាត់ អាយុ៤៦ឆ្នាំ។ ហើយភ្លាមៗនោះដែរ ក្រុមសមត្ថកិច្ច បានត្រួតពិនិត្យទៅលើសពដើម្បីចង់ដឹងអំពីការស្លាប់ ប៉ុន្តែអ្វីៗនៅមិនទាន់រកឃើញស្លាកស្នាមនោះឡើយ ហើយក៏បាននាំបុរសដែលជាស្វាមីទៅសាកសួរនៅក្នុងស្ថានីយ៍តម្រួតអារញ្ញប្រាក់ថេត។
ជាលទ្ធផល បុរសជាប្តីនោះបានរៀបរាប់ថា នៅមុននេះពីរថ្ងៃខ្លួនជាមួយនឹងភរិយា បាននាំគ្នាឆ្លងដែនតាមច្រកប៉ោយប៉ែត ទៅលេងម្តាយខាងប្រពន្ធនៅក្នុងទឹកដីខ្មែរ ដោយបាននាំគ្នា ផឹកស្រាលេងជាមួយនឹងអ្នកភូមិថែមទៀត។ លុះនៅពេលវិលត្រឡប់មកដល់ខាងថៃវិញខ្លួនក៏បានទិញស្រាផឹកបន្ថែម ទើបនាំគ្នាវិលត្រឡប់ទៅផ្ទះវិញ ប៉ុន្តែនៅតាមផ្លូវស្ត្រី ជាភរិយារបស់ខ្លួនបានសុំចុះទៅងូតទឹកលេងក្នុងអូរតាមផ្លូវ តែខ្លួនបានបដិសេធទើបនាងក៏បានចុះងូតតែម្នាក់ឯង រីឯខ្លួនបានធ្វើដំណើរទៅសម្រាកនៅផ្ទះយ៉ាងលង់លក់ដោយភាពស្រវឹងយ៉ាងខ្លាំង ប៉ុន្តែក្រោយពីដឹងខ្លួន គឺមិនឃើញវត្តមានភរិយាឡើយ ទើបមានការភ្ញាក់ផ្អើល និងតាមរកគ្រប់ទីកន្លែងនៅតែរកមិនឃើញ លុះនៅថ្ងៃនេះក្រោយពីសពបានអណ្តែតឡើងមកលើទឹកទើបដឹងថាប្រពន្ធរបស់ខ្លួនបានស្លាប់បាត់ទៅហើយ។
បច្ចុប្បន្នសមត្ថកិច្ចនៅតែបន្តការសាកសួរបុរសដែលជាស្វាមីព្រមទាំងបានបើកការស៊ើបអង្គេតទៅលើបញ្ហាដែលស្ត្រីខ្មែរបានស្លាប់យ៉ាងអាថ៌កំបាំងក្នុងទឹកអូរនេះយ៉ាង យកចិត្តទុកដាក់ជាទីបំផុត ព្រោះបើផ្អែកទៅលើសម្តីរបស់អ្នកភូមិបាន បានសង្កត់ធ្ងន់ថា ស្ត្រីរងគ្រោះគឺជាមនុស្សចេះហែលទឹកយ៉ាងស្ទាត់ជំនាញ មិនសមនឹងស្លាប់នៅក្នុងទឹកបែបនេះសោះ៕
មតិយោបល់