ព័ត៌មានជាតិ

ជិះម៉ូតូឆ្វែលរកលួចម៉ូតូមិនសម្រេច ត្រូវសមត្ថកិច្ចក្របួចជាប់

ភ្នំពេញៈ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ សហការជាមួយនឹងកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពីបទប៉ុនប៉ងលួចម៉ូតូ កាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១ ត្រង់ចំណុចផ្លូវលេខ​៦៩បេតេ ក្រុមទី៥ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីប៉ុនប៉ងលួចម៉ូតូនេះ ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ស្លៀកពាក់ស៊ីវិល ទី១. ឈ្មោះ អ៊ុច សុវណ្ណី ភេទប្រុស អាយ១៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងទី២. ឈ្មោះ ឆយ កក្កដា ហៅ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនប្រាកដ ស្នាក់នៅក្នុងការដ្ឋាន​សំណង់កោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព្រមទាំងដកហូតបានវត្ថុតាងមាន ដែកមុខស្រួចចំនួន២ សោបំពង់លេខ៨ចំនួន២ ម៉ូតូ១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ សេរី២០១៦ លេខតួនិងម៉ាស៊ីន ៩៤៨២៤៥៤ ពាក់ស្លាកលេខ ភ្នំពេញ 1FO-1113 និងទូរសព្ទដៃចាស់១គ្រឿង។

សមត្ថកិច្ចបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងកម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុន បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋានសង្កាត់បឹងទំពុន ហើយនៅពេលមកដល់ចំណុចផ្លូវលេខ​៦៩បេតេ ក្រុមទី៥ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ក៏ប្រទះឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូ១គ្រឿងដោយពុំមានពាក់មួកសុវត្ថិភាព ដោយមានការសង្ស័យក៏ឃាត់ត្រួតពិនិត្យឆែកឆេររកឃើញឧបករណ៍សម្រាប់កាច់សោកម៉ូតូចំនួន ២សម្រាប់ ដែកមុខ​ស្រួចចំនួន២ និងសោបំពង់លេខ៨ចំនួន២ នៅជាប់ខ្លួនក្នុងម្នាក់១សម្រាប់។ ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យទាំង២នាក់យកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍បឹងទំពុន ដើម្បីធ្វើការសាកសួរ ហើយជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា ពួកគេទាំងពីរនាក់ពិតជាមានបំណងដើររកលួចម៉ូតូរបស់គេនៅក្នុងសង្កាត់បឹងទំពុនពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតីវិធីច្បាប់៕

មតិយោបល់