យោងតាមសាស្រ្តាចារ្យមួយរូបមកពីសាលាពាណិជ្ជកម្មកូឡំប៊ី លោក Adam Galinsky បានលើកឡើងថា ការរៀបចំកៅអីអង្គុយក្នុងជំនួបបុគ្គលដ៏មានឥទ្ធិពល និងអំណាចបែបនេះ អាចមានភាពខុសគ្នាយ៉ាងសម្បើម។
លោកបានប្រាប់ Business Insider ថា៖ «ទីតាំងដែលមនុស្សអង្គុយ មានឥទ្ធិពលទាំងលើនិមិត្តរូប ទាំងលើផ្លូវកាយ»។
លោក Galinsky បានមើលឃើញរឿងពីរ ដែលបង្ហាញចេញតាមរយៈការរៀបចំកន្លែងអង្គុយសម្រាប់ថ្នាក់ដឹកនាំក្រុមហ៊ុននីមួយៗក្នុងអង្គប្រជុំនោះ។ ទីមួយគឺ Donald Trump អង្គុយចំកណ្តាល គឺជាការរៀបចំកិច្ចប្រជុំតាមបែបផែននៃកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ខុសពីកិច្ចប្រជុំពាណិជ្ជកម្ម ដែលថ្នាក់ដឹកនាំអង្គុយត្រង់ក្បាលតុ។
សាស្រ្តាចារ្យរូបនេះបន្ថែមថា៖ «ការរៀបចំកន្លែងអង្គុយបែបនេះដែរ គឺធ្វើឱ្យអ្នកដែលអង្គុយនៅជ្រុងតុខាងលោក Trump ពិបាកមើលឃើញគាត់ ប៉ុន្តែ វាបង្កើនទំនាក់ទំនងជានិមិត្តរូបរវាងពួកគេ និងរូបលោក។ បើនិយាយបែបផ្សេង គឺវាបង្ហាញថា ពួកគេឋិតនៅខាងលោក ឬមានគោលគំនិតគាំទ្រនយោបាយរបស់លោក។» ម្យ៉ាងទៀត ការដាក់ឱ្យប្រមុខក្រុមហ៊ុនដែលមានការទទួលស្គាល់ច្រើនជាងគេបំផុត និងធំជាងគេបំផុត ដូចជានាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezoe នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook និងប្រធានប្រតិបត្តិការក្រុមហ៊ុន Facebook លោកស្រី Sheryl Sandberg ឱ្យអង្គុយក្បែរលោក Trump គឺចង់ឱ្យរូបភាពរបស់ពួកគេត្រូវបានថតជាប់ច្រើនជាងគេបំផុត។ ក្នុងនោះដែរ ការរៀបចំឱ្យលោកស្រី Sandberg អង្គុយក្បែរលោក Trump និងសហនាយកប្រតិបត្តិក្រុមហ៊ុន Oracle គឺលោកស្រី Safra Catz ឱ្យអង្គុយនៅជាប់លោក Tim Cook គឺគេចង់ឱ្យប្រាកដថា ស្រ្តីភេទនឹងត្រូវបានបង្ហាញមុខនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។
លោក Galinsky កត់សម្គាល់ឃើញទៀតថា ការញែកថ្នាក់ដឹកនាំដែលមកពីក្រុមហ៊ុនតែមួយដូចជា លោក Larry Page និង Eric Schmidt អ្នកតំណាងក្រុមហ៊ុន Alphabet ហើយលោក Satya Nadella និង Brad Smith ដំណាងក្រុមហ៊ុន Microsoft ឱ្យអង្គុយដាច់ពីគ្នា នៅជ្រុងតុម្ខាងម្នាក់ គឺអាចជាយុទ្ធសាស្រ្តមួយក្នុងការជួយបង្កើតទំនាក់ទំនង ឬកាត់បន្ថយទំនាក់ទំនង។
លោកបានបន្ថែមទៀតថា «ជារួមផងដែរ ការរៀបចំទីតាំងកៅអីអង្គុយសម្រាប់ថ្នាក់ដឹកនាំម្នាក់ៗប្រកបដោយភាពច្បាស់លាស់បែបនេះ គឺអាចជាសារមួយដែលបង្ហាញពីអំណាចរដ្ឋការរបស់លោក Trump ទៅលើក្រុមហ៊ុនទាំងនោះ»៕
ប្រភពព័ត៌មាន៖ businessinsider
មតិយោបល់