ព័ត៌មានជាតិ

ផ្លូវកោងបួងចង្កូតមិនទាន់ ជ្រុលបុករបងក្រឡាប់រថយន្ត របួស៤នាក់

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តធុនធំ១គ្រឿងបានបើកបុករបងក្រឡាប់ បណ្តាលឲ្យរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ កាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺឈាន ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត្រលេខ៣២និង៣៣ ស្ថិតក្នុងភូមិសាមគ្គី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ 3D-1208 ពណ៌ក្រហម ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ រថយន្តបួងចង្កួតតាមផ្លូវកោងមិនទាន់ក៏ជ្រុលទៅបុករបង បណ្តាលឲ្យរថយន្តក្រឡាប់ ហើយក្នុងនោះមានមនុស្សម្នាក់របួសធ្ងន់ និង៣នាក់របួសស្រាល។

សមត្ថកិច្ចបន្តថា ជនរងគ្រោះទី១.មានឈ្មោះ នង ងន់ឡែន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិអង្គួញដី ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម (ជាម្ចាស់រថយន្ត របួសធ្ងន់)ទី២. ឈ្មោះ ធី ធឿន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិទួលវែង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម(ជាកម្មករ របួសស្រាល) ទី៣.ឈ្មោះ ធឿន ថុន ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិជាមួយគ្នា(ជាកម្មកររបួសស្រាល) និងទី៤. ឈ្មោះ រឿន ឡៃ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិគមហា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម(ជាកម្មកររបួសស្រាល)។ សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់នេះ ដោយសារតៃកុងងងុយដេក។

បច្ចុប្បន្ន ជនរងគ្រោះទាំង៤នាក់ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ ចំណែករថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល៕

មតិយោបល់