ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជប៉ុន ផ្ដល់ជំនួយជាង៣០ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោង ក្នុងខេត្តចំនួន៤

ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានយល់ព្រមផ្តល់ថវិកាសរុបចំនួន៣៣០,២៦៩ដុល្លារអាមេរិក ដល់មន្ទីររបស់រដ្ឋក្នុងខេត្តចំនួន៤ រួមមាន ខេត្តប៉ៃលិន បន្ទាយមានជ័យ ស្ទឹងត្រែង និងខេត្តកំពង់ចាម សម្រាប់ការអនុវត្តគម្រោងចំនួន៤ផ្សេងៗគ្នា។ កិច្ចសន្យាផ្តល់ជំនួយត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ ដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយទំាង៤។

បើតាមឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ថ្លែងឲ្យដឹងថា ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) បានផ្ដល់ទៅដល់មន្ទីរក្នុងខេត្ត ចំនួន៤ រួមមាន៖

ទី១. គម្រោងសាងសង់អគារផ្នែកសម្ភព និងជំងឺកុមារនៅមន្ទីរពេទ្យបង្អែកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលមានថវិកាសរុបចំនួន៨២,១៤៥ដុល្លារអាមេរិក។ គម្រោងនេះ នឹងសាងសង់អគារផ្នែកសម្ភព និងជំងឺកុមារមួយខ្នងនៅមន្ទីរពេទ្យបង្អែកភ្នំស្រុក ដែលផ្ដល់លទ្ធភាពដល់ស្ត្រីមានផ្ទៃពោះប្រមាណជា៣៦០នាក់ និងកុមារប្រមាណជា១,៩០០នាក់ អាចទទួលបានសេវាសុខភាពកាន់តែល្អប្រសើរជាងមុន។

ទី២. គម្រោងស្តារឡើងវិញ នូវប្រព័ន្ធធារាសាស្រ្តវាលស្តៅ ខេត្តកំពង់ចាម ដែលមានថវិកាចំនួន៨២,៥២៤ ដុល្លារអាមេរិក។ គម្រោងនេះ នឹងស្តារឡើងវិញ នូវទំនប់មួយខ្សែប្រវែង៤៨០ម៉ែត្រ ផ្លូវភ្ជាប់ទំនប់មួយខ្សែប្រវែង១,៤៥០ម៉ែត្រ និងសំណង់ទ្វារទឹកចំនួន២កន្លែង ព្រមទំាងការសាងសង់សំណង់លូទឹកចំនួន៤កន្លែង ដើម្បីពង្រីកផ្ទៃដីដំាដុះ ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ គម្រោងនេះ ត្រូវបានរំពឹងថា ប្រជាកសិករប្រមាណជា៣,៥០០នាក់ នឹងទទួលបានទឹកស្រោចស្រពលើដីស្រែរបស់ពួកគេកាន់តែច្រើន បន្ទាប់ពីបញ្ចប់គម្រោង។

ទី៣. គម្រោងសាងសង់អគារមជ្ឈមណ្ឌលសហគមន៍កសិកម្ម ខេត្តស្ទឹងត្រែង មានថវិកាចំនួន៨៣,០០០ដុល្លារអាមេរិក។ គម្រោងនេះ នឹងសាងសង់អគារមជ្ឈមណ្ឌលសហគមន៍កសិកម្មចំនួន៣កន្លែង សម្រាប់សហគមន៍កសិកម្មចំនួន៣ និងផ្តល់ជូននូវម៉ាស៊ីនកសិកម្ម រួមមាន៖ គោយន្តកន្ត្រៃ២គ្រឿង ម៉ាស៊ីនបោកស្រូវ២គ្រឿង ម៉ាស៊ីនបោកសណ្តែក១គ្រឿង ម៉ាស៊ីនកិនដំឡូងមី២គ្រឿង និងឡសម្ងួតស្រូវ១កន្លែង។ គម្រោងនេះត្រូវបានរំពឹងថា ប្រជាកសិករប្រមាណជា៨០០នាក់ នឹងទទួលបាននូវអត្ថប្រយោជន៍ពីការប្រកបអាជីវកម្មរបស់សហគមន៍កសិកម្មទាំង៣។

និងទី៤. គម្រោងកែលម្អផ្លូវក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលមានថវិកាសរុបចំនួន៨២,៦០០ដុល្លារអាមេរិក។ គម្រោងនេះ នឹងធ្វើការសាងសង់លូប្រអប់ជ្រុងមុខបីចំនួន២កន្លែង ដើម្បីកែលម្អផ្លូវក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន។ ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រមាណជា ៤,៣០០នាក់ នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។ គម្រោងនេះ ត្រូវបានរំពឹងថា ការកែលម្អផ្លូវនេះ នឹងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរឆ្លងកាត់ទៅកាន់សាលារៀន មន្ទីរពេទ្យ និងផ្សារនានា ព្រមទំាងជួយលើកស្ទួយដល់ការដឹកជញ្ជូនកសិផលនានាចូលទៅកាន់ទីផ្សារផងដែរ។

គួរជម្រាបថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្តើមជួយដល់ប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន។ គម្រោងជំនួយនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។

ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង៥៥លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន៥៦២ គម្រោងនៅទូទាំងប្រទេសកម្ពុជា៕

មតិយោបល់