ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ព្រះមហាក្សត្រ នឹងយាងនិវត្តមកកម្ពុជានៅម៉ោង៣និង៣០នាទីរសៀលនេះ

ភ្នំពេញ: បើគ្មានការប្រែប្រួលទេនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នេះ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងយាងនិវត្តពីបំពេញព្រះរាជដំណើរទស្សន:កិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាមានិតចិន។

តាមគម្រោងយាង និងអញ្ជើញទៅទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះមហាក្សត្រដល់ព្រលានយន្តហោះអន្តរជាតិ រួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រះរាជវង្សានុវង្ស សមាជិក សមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងតំណាងអង្គទូតប្រទេសជាមិត្តប្រចាំកម្ពុជាជាច្រើនរូប និងអង្គទៀត។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ ព្រះរាជដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយមានការរៀបចំពិធីបដិសណ្ឋារកិច្ចស្វាគមន៍ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន ព្រមទាំងជួបព្រះរាជសវនាការជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន លោក លី ខឹឈាំង នាយករដ្ឋមន្ត្រីចិន និងលោក ចាង តឺជាំង ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេសចិន ។

នៅក្នុងដំណើរយាងបំពេញព្រះរាជទស្សនកិច្ច ទៅកាន់ប្រទេសចិន ដែលជាមិត្តភក្តិដ៏យូរលង់និង ស្និតស្នាលបំផុតរបស់កម្ពុជានោះ សម្តេចព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុន្នី ទ្រង់ត្រូវបានទទួលស្វាគមន៍ ដោយប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងមន្ត្រីជាន់ខ្ពស់សំខាន់ៗ របស់ចិនដទៃៗទៀត ដែលទាំងនេះបានបង្ហាញពីការចង់បាននូវទំនាក់ទំនង កាន់តែស្អិតល្មួតបន្ថែមទៀត រវាងមហាមិត្តទាំងពីរ។ នេះបើតាមការចេញផ្សាយ ដោយស៊ិនហួរ នាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមិថុនា ឆ្នាំ២០១៦។

នៅក្នុងជំនួបរវាងប្រមុខរដ្ឋទាំងពីរកាលពីរសៀលថ្ងៃសុក្រ លោក ស៊ី ជិនពីង បានថ្លែងទៅកាន់ ព្រះមហាក្សត្រកម្ពុជាថា ប្រទេសចិន បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ជាមួយនឹងគ្រួសាររាជវង្សរបស់កម្ពុជា ហើយក៏នឹងបន្តការគាំទ្រដំណើរការអភិវឌ្ឍ ទៅមុខរបស់កម្ពុជាផងដែរ។

លោក ស៊ី ជិនពីង ថ្លែងដូច្នេះថា “កម្ពុជាជាអ្នកជិតខាងល្អ ដូចជាប្អូនប្រុសមួយដូច្នេះដែរ ហើយក៏ជាមិត្តល្អ ដែលប្រកបដោយភាព ស្មោះត្រង់ថែមទៀត”

គួរបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាក៏បានបង្ហាញការប្តេជ្ញាដូចគ្នា គឺការបន្តពង្រឹងនិងពង្រីក ទំនាក់ទំនងជាពិសេសរវាងថ្នាក់ដឹកនាំ រដ្ឋឆ្ពោះទៅរកការបង្កើន ទំនាក់ទំនងជាយុទ្ធសាស្ត្រ។ ព្រះរាជដំណើរទស្សនកិច្ចរយ:ពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៦ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន៕

King Go to Lao3

photo_2016-06-04_11-07-33

photo_2016-06-04_11-07-36

photo_2016-06-04_11-07-41

photo_2016-06-04_11-07-43

មតិយោបល់