ព័ត៌មានជាតិ

ចោរប្លន់ឆ្លងខេត្តដ៏សកម្ម២នាក់ និងអាវុធច្រើនដើម ត្រូវ​សមត្ថកិច្ចបង្ក្រាប

បាតដំបងៈ ក្រោយពីធ្វើការសើបអង្កេតស្រាវជ្រាវយ៉ាងស្វិតស្វាញបំផុត និងដោយបានការសម្របសម្រួលពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ព្រមទាំងលោក​ព្រះ​រាជអាជ្ញារង ក្រោមការបញ្ជាដឹកនាំពីឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែននគរបាលយុត្តិធម៌ បានសហការដឹកនាំការងារផ្ទាល់ជាមួយកម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន ក៏ដូចជាកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្មគោលកាលពី​​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឈានដល់ការឃាត់ខ្លួនមុខសញ្ញាធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅមូលដ្ឋានស្រុកថ្មគោលនាពេលកន្លង។

ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកផែននគរបាលយុត្តិធម៌បានឲ្យដឹងថា មុខសញ្ញាទី១.ឈ្មោះ ថី ធី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិល្បើកប្រិយ៍ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ទី២.ឈ្មោះ ថី ធិន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិអន្លង់រុន ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ព្រមទាំងដកហូត ភស្តុតាងមួយចំនួនដូចជា ៖ -អាវុធធុនអាកាចំនួន៣ដើម -បង់កាំភ្លើងអាកា៣ គ្រាប់កាំភ្លើងអាកា៥២ គ្រាប់ -គ្រាប់បែកដៃផលិតនៅប្រទេសចិនចំនួន៣គ្រាប់ -ដែកសម្រាប់កាច់កម៉ូតូ២ -ទូរសព្ទដៃចំនួន៦គ្រឿង -ស្លាកលេខម៉ូតូ (សៀមរាប 1N-7579 ចំនួន១)។

លោកឧត្តមសេនីយ៍ត្រី បាន​បញ្ជាក់ថា មុខសញ្ញានេះ ធ្លាប់បានធ្វើសកម្មភាពប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកថ្មគោលនាពេលកន្លងមក ដូចជាប្លន់អ្នកលក់ ចាប់ហួយ និងប្លន់អ្នកទិញស្រូវក្នុងពេលថ្មីៗនេះ ។ លោកបន្តថា នៅមានមុខសញ្ញាពាក់ព័ន្ធក្នុងករណីនេះមួយចំនួនទៀត ដែលលោកកំពុងតាមប្រមាញ់យ៉ាងប្រកៀកប្រកិតបំផុត។

ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា កិច្ចប្រតិបត្តិការដ៏ក្តៅគគុកនេះ អាស្រ័យដោយមានការចង្អុលទិសពីនាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍អគ្គស្នងការរងទទួលបន្ទុកការងារយុត្តិធម៌ ថ្នាក់ដឹកនាំក្នុងនាយកដ្ឋានជំនាញ ព្រមទាំងមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការចូលរួមសហការពីអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធគ្រប់ថ្នាក់ក្នុងនោះ មានទាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានផង ទើបនគរបាលសម្រេចបាននូវកិច្ចប្រតិបត្តិការនេះ ។ សូមបញ្ជាក់ថា តាមព័ត៌មានមុខសញ្ញាទាំងនេះ ក៏ធ្លាប់ធ្វើសកម្មភាពប្លន់នៅក្នុងភូមិសាស្រ្តខេត្តសៀមរាប និងខេត្តមួយចំនួនផ្សេងទៀតផងដែរ។

បច្ចុប្បន្នជនសង័្សយនិងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់