ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភលើសេចក្តីទុកចិត្ត ក្រោយពីរូបគេបានយកប្រាក់ពីក្រុមហ៊ុន ម៉ឹង ផល្លី ចំនួន ១១,១៧៧ ដុល្លារទៅលែងល្បែងនៅកាស៊ីណូ ណាហ្គា ចាញ់អស់គ្មានសល់ ហើយព្យាយាមរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦នេះ។
ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលឃាត់ខ្លួនមានឈ្មោះ ឈន វណ្ណៈ អាយុ២៣ឆ្នាំ មុខរបរទីផ្សាររបស់កក្រុមហ៊ុនលក់គ្រឿងសំណង់ ម៉ឹង ផល្លី ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ មានស្រុកកំណើតនៅភូមិ ទួលសំពៅ ឃុំ ក្រាំងស្វាយ ស្រុក ព្រះស្តេច ខេត្តព្រៃវែង ពីបទរំលោភលើសេចក្តីទុកចិត្ត។
ការឃាត់ខ្លួនបុរសខាងលើនេះដែរបានធ្វើឡើងក្រោយពីរូបគេបានយកប្រាក់របស់ក្រុមហ៊ុន ចំនួន ១១,១៧៧ ដុល្លារ ដែលដើរប្រមូលបានពីតាមបណ្តាដេប៉ូមួយចំនួន កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ កន្លងមកនេះ យកទៅលេងល្បែងក្នុងកាស៊ីណូ ណាហ្គា អស់រួចហើយក៏គេចខ្លួនបាត់។ រហូតមកដល់ព្រឹកថ្ងៃទី១៦នេះ ខាងក្រុមហ៊ុនតាមរកឃើញ បុរសជាទីផ្សារខាងលើក៏ចាប់នាំខ្លួនយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវចាត់ការទៅតាមផ្លូវច្បាប់។
ក្រោយពីតំណាងក្រុមហ៊ុនចាប់ឃាត់ខ្លួនបុរសខាងលើយកមកប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្តិ៍ផ្សាដើមថ្កូវរួចហើយ ក៏បានធ្វើការសាកសួរទើបគេសារភាពថា ខ្លួនពិតជាបានយកប្រាក់របស់ក្រុមហ៊ុនទៅលេងល្បែងក្នុងកាស៊ីណូ ណាហ្គា ចាញ់អស់ពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការទៅតាមផ្លូវច្បាប់៕
មតិយោបល់