ព័ត៌មានអន្តរជាតិ

លោកអូបាម៉ា ព្រមានរុស្ស៊ី ចំពោះសកម្មភាពជ្រៀតជ្រែកចូលប្រព័ន្ធបោះឆ្នោតអាមេរិក

អាមេរិកៈ ប្រធានាធិបតីជិតផុតអាណត្តិអាមេរិក លោក បារ៉ាក់ អូបាម៉ា បានផ្ដាច់ជ្ញាថា នឹងចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ចំពោះការ​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័ររបស់ទីក្រុងម៉ូស្គូ នៅក្នុងយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦។

លោកបានថ្លែងនៅស្ថានីយវិទ្យុ NPR អាមេរិកថា «យើងត្រូវចាត់វិធានការ និងធ្វើសកម្មភាពប្រឆាំងវា» ។

ប្រទេសរុស្ស៊ី ត្រូវបានអាមេរិកចោទប្រកាន់ថា បានលួចស្តាប់អ៊ីម៉ែលនៃគណបក្សប្រជាធិបតេយ្យ និងព័ត៌មានយុទ្ធសាស្ត្រសំខាន់ៗ របស់លោកស្រីហ៊ីល ឡារីគ្លីនតុន ដែលជុំវិញបញ្ហានេះ ត្រូវបានខាងវិមានក្រឹមឡាំង ធ្វើការបដិសេធយ៉ាងខ្លាំងផងដែរ។

ជាការឆ្លើយតបពាក់ព័ន្ធនឹងរឿងខាងលើ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ខាងគណបក្សសាធារណរដ្ឋ លោក Donald Trump បានច្រានចោលពាក្យបណ្តឹងនេះ ដោយចាត់ទុកថា ជារឿងដ៏គួរឲ្យអស់សំណើចណាស់ និងមិនសមហេតុផលនយោបាយនោះទេ។

លោក Trump បានលើកទ្បើងនៅលើ​បណ្តាញ​សង្គម Twitter ថា «ប្រសិន​បើ​រុស្ស៊ី​ ឬ​អង្គភាព​ផ្សេង​ទៀត​ បាន​លួច​ចូល​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ ហេតុអ្វី​បាន​ជា​សេតវិមាន​រង់ចាំ​យូរ​ម្ល៉េះ ​ទម្រាំ​ចាត់​វិធានការ? ហេតុអ្វី​បាន​ជា​ពួកគេ​ទើប​តែ​ចាត់​វិធានការ ​ក្រោយ​ពេល​ដែល​លោក​ស្រីហ៊ីលចាញ់ទៅវិញ ។

គួរបញ្ជាក់ដែរថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ FBI បាននិយាយថា ពួកគេមានភស្តុតាងមិនអាចប្រកែកបាន ដែលថា រុស្ស៊ីពិតជាមានការជាប់ពាក់ព័ន្ធនឹង​លួច​ចូល ​ក្នុង​ប្រព័ន្ធ​កុំព្យូទ័រ នៅក្នុងយុទ្ធនាការបោះឆ្នោត ប្រធានាធិបតីអាមេរិកមែន៕

មតិយោបល់