ព័ត៌មានជាតិ

មកមើលមេរៀនផ្ទះមិត្តភក្តិ ទុកម៉ូតូជាន់ក្រោម ចុះមកវិញបាត់ស្រមោល

ភ្នំពេញៈ និស្សិតម្នាក់ចេញពីរៀន ទៅលេងផ្ទះមិត្តភត្តិដើម្បីមើលមេរៀនជុំគ្នាដោយទុកម៉ូតូជាន់ក្រោមក្បែរកាំជណ្តើររួចឡើងទៅជាន់ទី១ ខណៈចុះមកវិញបាត់ម៉ូតូបង្កការភ្ញាក់ផ្អើល និងត្រូវបានមិត្តភត្តិនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដាក់ពាក្យបណ្តឹង។ ករណីនេះកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចម្តុំផ្ទះជួល ផ្លូវបេតុង ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា យុវតីជាម្ចាស់ម៉ូតូ ឈ្មោះ ខឹម រដ្ឋា អាយុ២៣ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ស្នាក់នៅបណ្តោះអាសន្នផ្ទះលេខ៧អា ផ្លូវ២០០៤ ភូមិ
ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិឈើកាច់ ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពពីម្ចាស់ម៉ូតូបានប្រាប់ថា នៅមុនកើតហេតុគាត់បានចេញពីសាលារៀនមកលេងផ្ទះមិត្តភត្តិនៅចំណុចខាងលើដើម្បីមើលមេរៀន និងហូបបាយថ្ងៃត្រង់ដោយជិះម៉ូតូ១គ្រឿងម៉ាកវ៉េវអាល់ហ្វា ពណ៌ទឹកប្រាក់លាយខ្មៅ ស៊េរី២០១៣ ពាក់ស្លាកលេខ ព្រៃវែង1F-1934 ខណៈទៅដល់ គាត់បានចតម៉ូតូនៅក្បែកាំរជណ្តើរជាន់ក្រោមហើយឡើងទៅជាន់ទី១ លុះចុះមកវិញបាត់ម៉ូតូតែម្តងបង្កភ្ញាក់ផ្អើល និងត្រូវបានមិត្តភក្តិនាំមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីដាក់ពាក្យបណ្តឹង។

ក្រោយកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូបានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាដើម្បីដាក់ពាក្យបណ្តឹង និងសូមឲ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវរកមុខសញ្ញាខាងលើដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់