មណ្ឌលគិរីៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តរបស់មន្រ្តីបរិស្ថានម្នាក់ដែលគេស្គាល់យ៉ាងច្បាស់ថាមានឈ្មោះ ណាក់ បានដេញប្រមាញ់ រថយន្តដឹកឈើ១គ្រឿង បណ្តាលឲ្យមនុស្សម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ត្រង់ចំណុចផ្លូវបំបែកមុខផ្ទះយាយឡូ ស្ថិតក្នុងភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
លោក ស៊ុន ប៊ុនធឿន អធិកាស្រុកកែវសីមាបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលឈានដល់មានមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់នេះ គឺបណ្ដាលមកពី រថយន្ដរបស់មន្ត្រីបរិស្ថានបានបើកប្រដេញរថយន្តដឹកឈើ ហើយបានបើករថយន្តរបស់ខ្លួនទៅពាំងពីមុខរថយន្ដដឹកឈើ ទើបធ្វើឲ្យតៃកុងឡានចាប់ហ្រ្វាំងមិនទាន់ក៏បុកពេញទំហឹង ទៅលើរថយន្តរបស់លោក ណាក់ តែម្ដង។ ខណៈនោះ ឈើដែលផ្ទុកពេញនៅក្នុងរថយន្តបានរុញបុកផ្ទុប មកលើតៃកុងឡាន និងព្រូ បណ្ដាលឲ្យគាបជាប់ក្នុងឡាន ស្លាប់ព្រូម្នាក់ ចំណែកតៃកុងរងរបួសធ្ងន់។
លោកបានបន្តថា ជនរងគ្រោះទី១. ឈ្មោះ ញាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ(តៃកុងឡាន)របួសធ្ងន់ និងទី២. ឈ្មោះ ប្រុស ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ(ស្លាប់)។ ជនរងគ្រោះទាំង២នាក់ ស្នាក់នៅបណ្ដោះអាសន្នក្នុងស្រុកកែវសីមា។
បច្ចុប្បន្ន រថយន្ដ រួមទាំងឈើជាវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅអធិការស្រុកកែវសីមាដើម្បីចាត់ការតាមនីតីវិធីច្បាប់ និងបន្តចាប់ជនបង្កមកធ្វើការដោះស្រាយតាមផ្លូវច្បាប់តទៅទៀត៕
មតិយោបល់