ស្ទឹងត្រែងៈ រថយន្តយីឌុបធុនយក្សចំនួន២គ្រឿង ដែលដឹកឈើពេញទ្រុង ព្រមទាំងតៃកុង ២នាក់ ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ បានធ្វើការឃាត់ ហើយអូសចូលកន្លែងដើម្បីត្រួតពិនិត្យ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងកាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចទល់មុខសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ស្ថិតក្នុងភូមិរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់អូរពងមាន់ បានឲ្យដឹងថា រថយន្តយីឌុបដឹកឈើទាំង២គ្រឿង ដែលកម្លាំងជំនាញឃាត់នោះ គឺជារថយន្តប្រភេទយីឌុបធុនយក្ស(ផ្លូវ៥) ក្បាលពណ៌ស ទ្រុងពណ៌ខៀវ ដូចគ្នា រថយន្តទី១ ពាក់ស្លាកលេខ កំពង់ចាម 3A-3399 និងទី២ ពាក់ស្លាកលេខ កំពង់ចាម 3A-3761។
ប្រភពដដែលបានបន្តថា រថយន្តយីឌុបទាំងពីរគ្រឿងខាងលើនេះ បានដឹកឈើប្រភេទសុក្រំជ្រៀកជាប៉ាកកេពេញទ្រុងរថយន្ត។ ក្រោយឃាត់រថយន្តទាំង២គ្រឿងនេះ កម្លាំអជំនាញបានអូសយកមករក្សាទុកក្នុងសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ ដើម្បីធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុនៅព្រឹកថ្ងៃទី១៧ ខែធ្នូ។
លោក ទិត វី នាយសង្កាត់រដ្ឋបាលព្រៃឈើក្បាលរមាស ស្រែគរ បាននិយាយប្រាប់post newsថា ការរើឈើទម្លាក់ពីរថយន្តទាំង២ខាងលើនេះ គឺដើម្បីត្រួតពិនិត្យច្បាប់ PC។ បើលើសយើងនឹងអនុវត្តទៅតាមច្បាប់រដ្ឋបាលព្រៃឈើ បើគ្រប់ត្រឹមត្រូវយើងនឹងដោះលែងវិញ។
នៅព្រឹកថ្ងៃទី១៧ ធ្នូនេះ កម្លាំងជំនាញរដ្ឋបាលព្រៃឈើអូរពងមាន់បានធ្វើការរើទម្លាក់ឈើទាំងអស់នោះចេញពីរថយន្ត ដើម្បីវាស់វែង។
ព័ត៌មានលម្អិតវិវត្តយ៉ាងណានោះpost news នឹងផ្សាយជូនបន្តនៅពេលក្រោយ៕
មតិយោបល់