ព័ត៌មានជាតិ

តៃកុងរថយន្តហាងពេជ្រ ម៉ារីណា ចងកសម្លាប់ខ្លួន

ភ្នំពេញៈ មន្រ្តីអាវុធហត្ថចូលនិវត្តន៍ និងជាតៃកុងរថយន្តហាងពេជ្រ ម៉ារីណា ម្នាក់ បានសម្រេចចិត្ត​ចងកសម្លាប់ខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង​១០និង៣០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី៦ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាន​នៅក្បែរផ្ទះ​កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុនា​ម៉ោង៨ព្រឹក បុរសវ័យចំណាស់​ខាងលើ បានជិះម៉ូតូ​ម្នាក់ឯងមកចត​នៅមុខផ្ទះ​ ហើយ​ដើរចូលផ្ទះបិទ​ទ្វារ សំងំតែម្នាក់ឯង ខណៈដែល​អ្នក​ជិតខាង​មានការ​សង្ស័យ ដោយរូបគាត់​ទុកម៉ូតូចោលបែបនេះ ក៏បានទៅគោះទ្វារ​ និងស្រែកហៅថា ពូៗ ម៉េច​ក៏មិនយកម៉ូតូ​ទុកក្នុងផ្ទះ​ប្រយ័ត្នចោរលួចបាត់ ប៉ុន្តែ​គ្មាន​សំឡេង​ឆ្លើយតប ទើប​បងប្អូន​ប្រជាពលរដ្ឋ​ដែលរស់នៅជិតខាងនាំគ្នា​ អើតមើលតាមប្រហោង​បង្អួច ក៏ស្រាប់តែប្រទះឃើញគាត់​ចងកសម្លាប់ខ្លួនបាត់ទៅហើយ។ បន្ទាប់ពីឃើញហេតុការណ៍ ពួកគាត់ក៏បានរាយការណ៍ជូនសមត្ថកិច្ច​ប៉ុស្តិ៍ស្ទឹងមានជ័យ និងនគរបាលជំនាញ​ឲ្យចុះមកពិនិត្យ។

ក្រោយកើតហេតុ​សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសព ហើយ​បានសន្និដ្ឋានថា បុរសរូប​នេះ ពិតជាចងក​សម្លាប់ខ្លួនឯងប្រាកដមែន ពុំមានពាក់ព័ន្ធ​ និងអំពើឃាតកម្មនោះឡើយ។

សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលធ្វើអត្តឃាតនេះ មានឈ្មោះ ​ប៉ែន សំអឿន អាយុ៥០ឆ្នាំ ស្នាក់​នៅផ្ទះកើតហេតុ មុខរបរ​ជាអ្នកបើកបរ​រថយន្ត​ហាងពេជ្រ ម៉ារីណា។

ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុបានខ្សឹបប្រាប់ថា មូលហេតុ​ដែលឈានដល់ការដាច់ចិត្ត​សម្លាប់ខ្លួនឯងបែបនេះ គឺមកពី​បញ្ហាឈ្លោះទាស់ទែងជាមួយគ្រួសារ។

ក្រោយពិនិត្យចប់ សាកសព ត្រូវបានសមត្ថកិច្ច​ប្រគល់ជូន​ក្រុមគ្រួសារ​ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

https://youtu.be/LfbcWbkwvAc

មតិយោបល់