ព័ត៌មានជាតិ

បើកម៉ូតូមិនប្រយត្ន័ ទៅបុកបង្គោលចំណាំងផ្លាត បណ្តាលឲ្យម្នាក់ស្លាប់ ២នាក់របួស

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីម៉ូតូមួយគ្រឿង ជិះឌុបគ្នា៣នាក់ ក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលបំណាំងផ្លាតបណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់រងរបួស ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៩ ភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ជនរងគ្រោះទាំង៣នាក់ ត្រូវបានគេស្គាល់ទី១ឈ្មោះ សុជាតិ ភេទស្រី អាយុ១៨ឆ្នាំ ស្នាក់នៅភូមិសាំងរាង ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ស្លាប់នៅនឹងកន្លែងកើតហេតុ។ ទី២ឈ្មោះ ឃិន ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា របួសធ្ងន់ និងជនរងគ្រោះទី៣ឈ្មោះ កែវ សុពេជ្រ ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារបួសធ្ងន់។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងម៉ាក ហុងដាគ្លីក ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1P-1698 ជិះឌុប៣នាក់ក្នុងល្បឿនលឿនខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកបង្គោលចំណាំងផ្លាត យ៉ាងពេញទំហឹង បណ្តាលឲ្យនារីម្នាក់ដួលបោកក្បាលស្លាប់នៅនឹងកន្លែង ចំណែក២នាក់ទៀតរងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍មូលដ្ឋានបានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបាននាំយកម៉ូតូជនរងគ្រោះយកទៅរក្សាទុកនៅ អធិការដ្ឋានស្រុកថ្មគោល ដើម្បីរង់ចាំក្រុមគ្រួសារមកទទួល។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ទៅឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់