កែបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅរសៀលថ្ងៃសៅរ៍ ២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្ត រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុកប្រមាណជាង៥០នាក់ ដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានចុះអន្តរាគមន៍ពន្លត់ភ្លើងឆេះជញ្ជ្រាំង,សៅ និងឆេះព្រៃក្នុងដីឡូតិ៍ ចំនួន២លើក៖
– វេលាវេលាម៉ោង៣និង១៥នាទី មានករណីភ្លើងឆេះជញ្ជ្រាំង និងសៅក្នុងស្រែអស់ប្រមាណជាង៣ហិចតា ក្នុងភូមិកែវក្រសាំង សង្កាត់/ក្រុងកែប ។
– នៅវេលាម៉ោង៣និង៥០នាទី មានករណីភ្លើងឆេះព្រៃក្នុងដីឡូតិ៍ អស់ប្រមាណជិត២ហិចតា ក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
ហេតុការណ៍ទាំង២លើកខាងលើកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បានចុះអន្តរាគមន៍គ្រប់គ្រងស្ថានភាពបានល្អ និងពន្លត់រលត់ជាស្ថាពរហើយ។ ប្រតិបត្តិការនេះយើងប្រើកម្លាំងចំនួន៥៥នាក់, ឡានទឹកចំនួន២គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន៤ឡាន ហើយមិនបណ្តាលឱ្យឆេះរាលដាលនាំឱ្យប៉ះពាល់ដំណាំ ទ្រព្យសម្បត្តិ និងលំនៅដ្ឋានប្រជាពលរដ្ឋឡើយ៕
មតិយោបល់