ព័ត៌មានជាតិ

គ្រូពេទ្យម្នាក់ បាន​ផ្ដាច់សង្ខារនារីម្នាក់ មិនឲ្យចូលរោងការ

ពោធិ៍សាត់ៈ នារីម្នាក់ សល់​តែ១សប្ដាហ៍ទៀត នឹង​ដល់​ថ្ងៃចូលរោងការ បានស្លាប់បាត់បង់ជីវិត ដោយសារគ្រូពេទ្យ​ប្រចាំភូមិ​ស្វាយ​យាង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ចាក់ថ្នាំ​ និងព្យួសេរ៉ូម ខណៈដែលនារីរងគ្រោះ​មានអាការៈចុក​ពោះខ្លាំង ហើយបានស្លាប់តាមផ្លូវ ពេលក្រុមគ្រួសារ​ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់​នៅមន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់។

​លោក លីវ សេងហ៊ីម អធិការ​នគរបាលស្រុក​កណ្ដៀងឲ្យដឹងថា នារីរងគ្រោះ​ ដែលស្លាប់ ដោយសារ​គ្រូពេទ្យ​ប្រចាំភូមិម្នាក់ ចាក់ថ្នាំ និងព្យួសេរ៉ូមនោះមានឈ្មោះ ឡៃ ពុទ្ធី អាយុ៣២ឆ្នាំ រស់នៅ​ភូមិស្វាយយាង ឃុំ​ស្វាយលួង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។ ចំណែកគ្រូពេទ្យមានឈ្មោះ តាន់ គឹមភាវ ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅ​ភូមិ​ស្វាយយាង ឃុំកណ្ដៀង ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកអធិការ​បន្តទៀតថា មុនពេលកើតហេតុ នារីរងគ្រោះ​​មានអាការៈ​ចុកពោះខ្លាំង​ ទើប​ហៅ​គ្រូពេទ្យ​ខាងលើមកព្យាបាល​ ពេលនោះគ្រូពេទ្យ​បាន​ចាក់ថ្នាំ និងព្យួសេរ៉ូម ស្រាប់តែ​នារីរងគ្រោះ​ហាក់ដូច​ជាមិនស្រួលខ្លាំង ទើបក្រុមគ្រួសារសម្រេចបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ប៉ុន្តែអកុសលនារីរងគ្រោះបានដាច់ខ្យល់ស្លាប់តាមផ្លូវបាត់ទៅហើយ៕

មតិយោបល់