ព័ត៌មានជាតិ

សិស្សវិទ្យាល័យបឹងប្រិយ បង្កហិង្សាកាប់យុវជន២នាក់បែកក្បាល ត្រូវសមត្ថកិច្ចចាប់ខ្លួន

កណ្តាលៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីក្មេងស្ទាវ២ក្រុម បានបើកម៉ូតូដេញកាប់ប្រហារគ្នាយ៉ាងអណាធិតេយ្យ រហូតបណ្តាលឲ្យយុវជន២នាក់របួសធ្ងន់ ។ ករណីហិង្សានេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៥នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងបរិវេនវិទ្យាល័យត្រពាំងត្នោត ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលរងរបួសទាំង២នាក់ ទី១ឈ្មោះ ខាន់ ឌីណាភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សថ្នាក់ទី១២ ស្នាក់នៅភូមិបេង ឃុំម្កាក់ ស្រុកអង្គស្នួលខេត្តកណ្តាល (របួសក្បាលដេរ១២ថ្នេរ) និងទី២ឈ្មោះ លី ហុកសេង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ ស្នាក់នៅភូមិវែង ឃុំម្កាក់ ស្រុកអង្គស្នួល
របួសក្បាលដេរ២ថ្នេរ។

ក្នុងនោះដែល សមត្ថកិច្ចធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ក្នុងចំណោមបក្ខពួក១១នាក់ ទី១ឈ្មោះ កុង សម្បត្តិ ហៅប៊ិប ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិកាន់ទ្រង់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាអ្នកបើកម៉ូតូ។ទី២ឈ្មោះ ចិន្តា ចាន់ថន ហៅថន ភេទប្រុស អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១B សាលាវិទ្យាល័យបឹងប្រិយ ឃាត់ខ្លួនបាននៅចំណុចភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាអ្នកជិះពីក្រោយ កាន់កាំបិតផ្កាក់។ ទី៣ឈ្មោះ រើន សំរិទ្ធី ភេទប្រុស អាយុ១៦ឆ្នាំ សិស្សថ្នាក់ទី១១B សាលាបឹងប្រិយ ស្នាក់នៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាអ្នកបើកម៉ូតូ។ទី៤ឈ្មោះ ហាន សំអូន ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស នៅភូមិព្រៃស្នួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅជាអ្នកបើកម៉ូតូ និងជនសង្ស័យទី៥ឈ្មោះ ភឿន សុគុណ ហៅតុល ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្ស ស្នាក់នៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ជាអ្នកបើកម៉ូតូ។ ពួកគេទាំង៥នាក់នេះ ត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ។ ចំណែកបក្ខពួក៦នាក់ទៀត គេចខ្លួនបាត់។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបានម៉ូតូ២គ្រឿង រួមមានម៉ាក ស៊ុយសាគីនិចពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 1CO-7156 មួយគ្រឿង,និងមួយគ្រឿងទៀតម៉ាក សង់ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BW-0105 រួមនិងមួកការពារសុវត្ថិភាពចំនួន១។

មុនពេលកើតហេតុ នៅវេលាម៉ោងប្រហែ៩ព្រឹក ជនសង្ស័យនិងបក្ខពួកបានជិះម៉ូតូ២គ្រឿងមកឈប់នៅមុខក្លោងទ្វារវិទ្យាល័យត្រពាំងត្នោត ហើយចុះដើរកាន់ដាវចូលទៅរកជនរងគ្រោះដែលកំពុងលេងបាល់បោះក្នុងបរិវេនសាលា ពេល
នោះជនរងគ្រោះ ដោយមានគ្នាច្រើនបានរត់ យកដុំថ្មនិងដំបងដេញក្រុមជនសង្ស័យ រត់ចេញទៅក្រៅរបងសាលា ហើយបានឡើងជិះម៉ូតូចេញទៅបាត់ទៅ។ បន្ទាប់មកជនរងគ្រោះបានទៅរាយការណ៍ជូនលោកនាយកសាលា រួចក៏នាំគ្នាចូលរៀនក្នុងថ្នាក់វិញ រហូតដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែបក្ខជនសង្ស័យបានជិះម៉ូតូ៤គ្រឿង កាន់ដាវជាប់នឹងដៃ បានចូលទៅដល់ក្នុងបរិវេនសាលា ហើយមានកាន់ដាវដេញកាប់ទៅលើជនរងគ្រោះនៅក្នុងថ្នាក់រៀន បណ្តាលឲ្យត្រូវរបួសក្បាល បង្កឲ្យមានការផ្អើលឆោឡោ ដល់លោកនាយកសាលា រាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍ភ្លាមៗ តែក្រុមជនសង្ស័យបានរត់ឡើងជិះម៉ូតូគេចខ្លួនបាត់។ លុះដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីសមត្ថកិច្ចឃាត់ខ្លួនបានម្នាក់ រួចបន្តចាប់ខ្លួនបានជនសង្ស័យ៤នាក់បន្ថែមទៀតនៅវេលាម៉ង៧និង៣០នាទី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ រីឯបក្ខពួកនៅសល់៦នាក់ទៀតកំពុងគេចខ្លួននៅឡើយ ។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់