ត្បូងឃ្មុំ : ជនសង្ស័យប្រុសស្រីចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារ បើកប្រតិបត្តិការណ៍បង្ក្រាប និងឃាត់ខ្លួនបានជាបន្តបន្ទាប់ គ្រាដែលក្រុមជនសង្ស័យ បានធ្វើសកម្មភាពដោះដូរគ្រឿងញៀន នៅក្នុងលំនៅឋានរបស់ខ្លួន។
ប្រតិបត្តិការណ៍នេះសមត្ថកិច្ចបានធ្វើឡើង កាលពីថ្ងៃទី៣ និងថ្ងៃទី៤ ឧសភា ២០១៦ ដែលករណី ទី១ នៅវេលាម៉ោង៤និង៥០នាទីល្ងាច ថ្ងៃទី៣ ឧសភា ស្ថិតនៅក្នុងភូមិទី៤ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ចំនួន៣នាក់រួមមាន៖ ១-ឈ្មោះសុខ អាំណះ ភេទស្រី អាយុ៥៣ឆ្នាំ ជាតិខ្មែរឥស្លាម។ ២-ឈ្មោះគ្រី ណូរីយះ ភេទស្រី អាយុ១៩ឆ្នាំ ជាតិខ្មែរឥស្លាម។ ៣-ឈ្មោះម៉ាត់ រំលី ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរឥស្លាម អ្នកទាំង៣ រស់នៅក្នុងភូមិកើតហេតុខាងលើ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានធ្វើការដកហូត បាននូវវត្ថុតាងថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សចំនួន៥កញ្ចប់ (តូច៤កញ្ចប់-ធំ១កញ្ចប់) ជញ្ជីងអេឡិចត្រូនិក១គ្រឿង និងសំភារៈវេចខ្ចប់មួយចំនួនទៀត នៅជាប់នឹងខ្លួនជនសង្ស័យ។
ដោយឡែកករណី ទី២ នៅវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៤ ឧសភា ស្ថិតនៅក្នុងភូមិទី៦ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់បង្ក្រាបករណីរក្សាទុក ជួញដូរសារធាតុញៀនដោយខុសច្បាប់ ដែលឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះថា សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ក្នុងនោះសមត្ថកិច្ចបានធ្វើការ ដកហូតបាននូវវត្ថុតាងថ្នាំញៀន ប្រភេទម្សៅក្រាមពណ៌សចំនួន៦កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យប្រុសស្រីទាំង៤នាក់ រួមជាមួយវត្ថុតាងថ្នាំញៀន ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកក្រូចឆ្មារ កសាងសំណុំរឿងតាមនិតិវិធីនៃច្បាប់ ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ៕
មតិយោបល់