ព័ត៌មានជាតិ

អ្នកប្រើប្រាស់ថ្នាំញៀន២នាក់ ត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ: បុរសពីរនាក់ ជាអ្នកប្រើប្រាស់ថ្នាំញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ទី២ និងកម្លាំងកងអនុសេនាតូចអន្តរាគមន៍ ឃាត់ខ្លួនជាក់ស្តែង នៅចំណុចស្តុបស្រែលាភ ផ្លូវអ៊ែរ៨ ក្រុមទី១០២ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១រំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ពីបទប៉ុនប៉ងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំងពីរ មានទី១-ឈ្មោះ សាត សីហា ហៅ សីហា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរហៅម៉ូយដាក់ទូកទេសចរណ៍ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២-ឈ្មោះ សុខ ហេង ហៅ ហេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរហៅម៉ូយទូកទេសចរណ៍ ស្នាក់នៅលើទូក។ វត្ថុតាងដែលសមត្ថកិច្ចចាប់យកមានក្រាមពណ៌សថ្លា១កញ្ចប់តូច និងម៉ូតូមួយគ្រឿងម៉ាក Suzuki Smash ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1J-5567។

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់