ព័ត៌មានជាតិ

ទៅលេងផ្ទះមិត្តភក្តិ យកសោចាក់ទ្វាររបង គេច្រឡំស្មានថាចោរ ចាប់វាយប៉ោងភ្នែក

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ខណៈរូបគេបង្កហិង្សាដោយចេតនាទៅលើយុវជនម្នាក់ទៀត ដោយសង្ស័យស្មានថាជាចោរកាច់សោកម៉ូតូរបស់ខ្លួនដែលទុកនៅមុខទ្វាររបងផ្ទះជួល បណ្តាលឲ្យយុវជនរងគ្រោះរងរបួសប៉ោងភ្នែក។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលគ្មានលេខ ស្ថិតតាមបណ្ដោយផ្លូវភ្នំពេញហាណូយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនរងគ្រោះមានឈ្មោះ អយ លីគាង អាយុ២០ មុខរបរនៅផ្ទះ ស្នាក់ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចំណែកជនបង្កដែលឃាត់ខ្លួនមានឈ្មោះ អែម សម្បត្តិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបររត់ម៉ូតូរ៉ឺម៉កកង់បី ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុខាងលើ ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហតុរូបគាត់ជាមួយនឹងមិត្តភក្ដិ បានជិះម៉ូតូមកលេងផ្ទះមិត្តភក្ដិម្នាក់ទៀតដែលជួលបន្ទប់កន្លែងកើតហេតុ ហើយដោយសារតែផ្ទះជួលខាងលើនេះឧស្សាហ៍បាត់ម៉ូតូ ទើបមិត្តភក្ដិប្រាប់ឲ្យជនរងគ្រោះយកកូនសោរទៅចាក់ទ្វារបង ពេលនោះជនបង្កបានដាក់ម៉ូតូរបស់ខ្លួននៅពាំងមុខទ្វាររបងធ្វើឲ្យជនរងគ្រោះពិបាកក្នុងការចាក់សោ ទើបជនរងគ្រោះឈោងពីលើម៉ូតូរបស់ជនបង្កដើម្បីចាក់សោទ្វារ ពេលនោះស្រាប់តែជនបង្កមើលតាមកាមេរ៉ាសុវត្ថិភាពឃើញជនរងគ្រោះឈោងពីលើម៉ូតូដូច្នេះ សង្ស័យស្មានថាចោរលួចកាច់សោកម៉ូតូក៏បានរត់ចេញមកហើយចាប់ជនរងគ្រោះវាយឡើងប៉ោងមុខហើមភ្នែកបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកអន្តរាគមន៍និងឃាត់ខ្លួនជនបង្កយកទៅសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា។

តាមសម្តីរបស់ជនបង្កឆ្លើយប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០១៦ វេលាម៉ោង៨យប់ ពូរបស់គាត់ទើបតែបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខក្រុងព្រះសីហនុ 1B- 0321 ថ្មីៗទើបដល់ថ្ងៃកើតហេតុ គាត់ក៏ឃើញជនរងគ្រោះមានកាយវិការគួឲ្យសង្ស័យ ស្មានថាជនរងគ្រោះជាក្រុមដែលធ្លាប់មកលួចម៉ូតូទើបចាប់ជនរងគ្រោះវាយយ៉ាងដូច្នេះទៅ។

បច្ចុប្បន្ន ជនបង្កខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនបន្តទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការទៅតាមនីតិវិធី៕

មតិយោបល់