ព័ត៌មានជាតិ

ប្លន់ម៉ូតូNex បានសម្រេចទៀតហើយ នៅខណ្ឌឬស្សីកែវយប់មិញ!

ភ្នំពេញៈ បុរសម្នាក់ត្រូវបានជនសង្ស័យមានគ្នា៣នាក់ បានធ្វើសកម្មភាពវាយប្លន់យកម៉ូតូមួយគ្រឿង ម៉ាកនិច បានសម្រេច កាលពីវេលាម៉ោង១០និង២០នាទី យប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចម្តុំលូទឹកស្អុយ ក្រោយវត្តទួលសង្កែ ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សំ សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ស្នាក់នៅម្តុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិចេក៤ ឃុំរតនៈ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គឺជនរងគ្រោះបានជិះម៉ូតូ មួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS-3621 ដោយជិះចេញពីសម្ភពមួយកន្លែង ក្នុងគោលបំណងត្រឡប់ទៅផ្ទះជួលវិញ ខណៈពេលដែលកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែលេចមុខជនល្មើសមួយក្រុមមានគ្នា ៣នាក់ ចេញមកស្ទាក់ផ្លូវ រួចវាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួមនាំជនរងគ្រោះខាងលើទៅប៉ុស្តិ៍នគរបាលទួលសង្កែ ដើម្បីឲ្យសមត្ថកិច្ចកំណត់មុខសញ្ញាឈានទៅដល់ការចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

គួរបញ្ជាក់ផងដែរថា នៅក្នុងទឹកដីខណ្ឌឬស្សីកែវនេះ តែងតែមានករណីប្លន់ជាញាក់ញាប់ណាស់ មិនដែលឃើញមានសមត្ថកិច្ចណាបង្ក្រាបបានម្តងនោះឡើយ។ ជាពិសេសទៅទៀតនោះ គឺនៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែតែម្តង ដែលជាតំបន់មិនមានរបៀបរៀបរយ ហើយក៏ជាតំបន់ជួញដូរ និងចែកចាយគ្រឿងញៀន មិនតែប៉ុណ្ណោះទៀត គឺពួកចោរទាំងនោះ តែងតែសម្ងំលាក់ខ្លួននៅទីនោះទៀតផង បែរជាសមត្ថកិច្ចមូលដ្ឋានមិនមានវិធានការទៅលើទីតាំងខាងក្រោយប៉ុស្តិ៍នេះសោះ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅខាងក្រោយប៉ុស្តិ៍នគរបាលទួលសង្កែ បានប្រាប់ឲ្យដឹងថា ពួកគាត់ទាំងអស់គ្នារស់នៅសព្វថ្ងៃនេះ មានការភ័យខ្លាចយ៉ាងខ្លាំងណាស់ ដោយទីតាំងខាងលើនេះ សម្បូរទៅដោយកន្លែងជួញដូរ និងចែកចាយគ្រឿងញៀនទាំងថ្ងៃទាំងយប់ ថែមទាំងមានក្រុមចោលមកសម្ងំលាក់ខ្លួននៅទីនេះទៀតផង៕

https://youtu.be/fPyN2dRiIFs

មតិយោបល់