ព្រៃវែងៈ ហេតុការណ៍មួយបានកើតឡើង បន្ទាប់ពីលោកតាវ័យចំណាស់ម្នាក់ ត្រូវបានជណ្តើរថ្មរលំសង្កត់ពីលើ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម បន្ទាប់ពីគាត់បានយកពូថៅទៅវាយរំលំជណ្តើរចាស់នោះចោលតែម្នាក់ឯង ដែលជណ្តើរនោះជាជណ្តើរកុដិដែលគេរុះចោលយូរមកហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្នុងវត្តយស់ ភូមិយស់ ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
លោកតាដែលត្រូវជណ្តើររលំសង្កត់ពីលើខាងលើនេះ មានឈ្មោះ ម៉ង់ ប៉ា ភេទប្រុស អាយុ៨០ឆ្នាំ មុខរបរជាអនុប្រធានគណៈកម្មការសាងសង់វត្តយស់ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
តាមការឲ្យដឹងថាពី គណៈកម្មការវត្តបានបញ្ជាក់ថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦វេលាម៉ោង ២និង៣០នាទី ខាងវត្តបានប្រជុំគណៈកម្មការដើម្បីធ្វើពលកម្ម សម្អាតវត្ត លុះនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១១ ថ្ងៃត្រង់ពេលហូបបាយរួចទាំងអស់គ្នា ចំណែកលោកតា បានហូបបបររួច គាត់ក៏បានយកពូថៅទៅវាយជណ្ដើរតែម្នាក់ឯងបណ្ដាលឲ្យរលំបាក់សង្កត់ស្លាប់តែម្តង។
ក្រោយពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចជំនាញបានធ្វើការត្រួតពិនិត្យសាកសព បានឲ្យដឹងថា សាកសពលោកតាខាងលើ ពិតជាត្រូវបានជណ្តើររលំសង្កត់ស្លាប់ពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់