ព័ត៌មានជាតិ

បង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែង ឃាត់ខ្លួនមនុស្សជិត១០នាក់ និងស្រោមអនាម័យជាច្រើនប្រអប់

ភ្នំពេញៈ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងបម្រើសេវាផ្លូវភេទមួយកន្លែង ដែលជ្រកក្រោមស្លាក ម៉ាស្សាកោសជប់មួយកន្លែង ស្ថិតនៅតាមបណ្ដាយផ្លូវ២៧១ ក្នុងភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះដែរ មានការដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមការសម្របសម្រួលពីលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង លោកឧត្តមសេនីយ៍ លី ឡាយ បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលរបស់លោក បានធ្វើការឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ក្នុងនោះមានអនីតិជន៣នាក់ ម្ចាស់ទីតាំងម្នាក់ និងមេការនារីម្នាក់ ក្រៅពីនោះជានារីបម្រើការក្នុងទីតាំងខាងលើ ហើយក្នុងនោះ សមត្ថកិច្ចធ្វើការដកហូតសម្ភារៈមួយចំនួន រួមនិងស្រោមអនាម័យជាច្រើនប្រអប់ផងដែរ ។

ចំពោះទីតាំងខាងលើត្រូវបានសមត្ថកិច្ចបិទទ្វាឈប់ឲ្យបើកធ្វើអាជីវកម្មបណ្តោះអាសន្នសិន ចំណែកមនុស្សទាំង៧នាក់ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់