កំពង់ចាមៈ លោក តយ ចាន់ផល ដែលធ្លាប់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពីបទលេងល្បែងស៊ីសងខុសច្បាប់ បច្ចុប្បន្នជានាយសង្កាត់រដ្ឋបាលព្រៃឈើកងមាស បានសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ចាម និងនគរបាលស្រុកព្រៃឈរ ចុះបង្ក្រាបរម៉កម៉ូតូដឹកឈើចំនួន២គ្រឿង កាលពីវេលាម៉ោង៥និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិព្រៃទទឹងឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
បើយោងតាមការអះអាងរបស់ម្ចាស់រម៉កម៉ូតូបានឲ្យដឹងថា ឈើដែលខ្លួនបានដឹកជញ្ជូន ហើយត្រូវសមត្ថកិច្ចបង្ក្រាបនេះ គឺជាឈើរបស់ឈ្មោះ អាន គឹមហុង ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិសារាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីបង្ក្រាបរួច កម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានសម្រេចនាំយករម៉កម៉ូតូដឹកឈើ គ្មានលិខិតអនុញ្ញាតទាំង២គ្រឿង ទៅរក្សាទុកបណ្តោះអាសន្ននៅថ្នាលបណ្តុះកូនឈើ សង្កាត់រដ្ឋបាលព្រៃឈើកងមាស ដើម្បីវាស់វែងជាក់ស្តែង ឃើញមានឈើអា ប្រភេទលេខ២ គឺឈើទាល និងផ្តៀក សរុបចំនួនជាង៣ម៉ែត្រគូប ដែលកម្លាំងរដ្ឋបាលព្រៃបានដកហូតរក្សាទុកដើម្បីកសាងសំណុំទៅតាមនីតិវិធីច្បាប់។
ការបង្ក្រាបរម៉កម៉ូតូដឹកឈើខាងលើនេះ ត្រូវបានប្រជាពលរដ្ឋ រិះគន់ចំពោះលោកតយ ចាន់ផល នាយសង្កាត់រដ្ឋបាលព្រៃឈើកងមាស ថាបង្ក្រាបបានតែប្រជាពលរដ្ឋ រកស៊ីតូចតាច តែចំពោះកូនខ្លួនឯងវិញ ដឹកឈើទាំងឡានប្រភេទយីឌុប ចេញពីតំបន់ព្រៃឡង់ខេត្តកំពង់ធំ ឆ្លងកាត់ខេត្តកំពង់ចាម ឆ្ពោះទៅខេត្តព្រៃវែង និងតំបន់ផ្សេងៗទៀតជារៀងរាល់យប់ បែរជាមិនដែលឃើញបង្ក្រាបម្តងសោះ៕




មតិយោបល់