ព័ត៌មានជាតិ

រថយន្តក្រុងដឹកភ្ញៀវទេសចរ​បុកម៉ូតូ ស្លាប់២នាក់ នៅ​ក្រុងស្ទឹងសែន

កំពង់ធំ : មនុស្សម្នាក់ បានស្លាប់ស្ដូកស្ដឹងនៅនឹងកន្លែងកើតហេតុ​ និងម្នាក់ទៀតបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​ ដោយសាររថយន្តក្រុងដឹកភ្ញៀវទេសចរបើកបរយ៉ាងលឿង ហើយជ្រុលចង្កូតបុកជាមួយម៉ូតូ​ C125 មួយគ្រឿងពេញទំហឹង កាលពីវេលាម៉ោង១រសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែនបល្ល័ង្គ ផ្លូវជាតិលេខ៦ ភូមិបល្ល័ង្គលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រភពពីអ្នកឃើញហេតុការណ៍បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តបង្កម៉ាកហ៊ីយិនដាយ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 3D-4365 ដឹក​ភ្ញៀវ​ចេញ​​ពីរាជធានី​​ភ្នំពេញ ​ទៅ​កាន់​ខេត្តសៀមរាប ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះ​មក​ដល់​ចំណុច​កើតហេតុ បាន​បុកជាមួយម៉ូតូ C125 ស៊េរី2014 ពណ៌ខ្មៅ ស្លាកលេខ កំពង់ធំ 1D-7050 ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​យ៉ាង​ពេញទំហឹង ​អូសម៉ូតូ​​ចម្ងាយ​ប្រហែល​២០​ម៉ែត្រ បណ្តាល​​ឱ្យ​អ្នកជិះម៉ូតូ​​២នាក់ស្លាប់។

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តក្រុងឈ្មោះ ថោង ប៊ុនណារិទ្ធ ភេទប្រុស អាយុ៥០ឆ្នាំ ភូមិចុងកោះ ឃុំកោះឧញ្ញាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ចំណែកអ្នកបើកម៉ូតូឈ្មោះ ភា ម៉ិក ភេទប្រុស អាយុ​៣៥ឆ្នាំ ភូមិប្រម៉ាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរធ្វើស្រែ បានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ និងអ្នករួមដំណើរឈ្មោះ ប្លង់ សុផាន់ណា ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន មុខរបរធ្វើស្រែ និងជាអតីតយុទ្ធជនពិការ បានស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ គឺបើកបរមិនប្រកាន់ស្តាំ រថយន្តចូលគន្លងផ្លូវអាទិភាពម៉ូតូ។

ក្រោយកើតហេតុលោកព្រះរាជអាជ្ញា អ៊ិត សុធា បានបញ្ជាឲ្យ​ឃាត់ខ្លួនអ្នកបើកបររថយន្តក្រុង រួចប្រគល់ឲ្យ​ការិយាល័យចរាចរណ៍ខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងចាត់ការ​បន្ត​តាមផ្លូវច្បាប់៕

មតិយោបល់