ព័ត៌មានជាតិ

កម្មករទូកនេសាទ​ ដេករមៀលធ្លាក់ចូលទឹកស្លាប់

ព្រះសីហនុៈ កម្មករទូកនេសាទម្នាក់ បានដេកលើទូក ហើយរមៀលធ្លាក់ចូលទឹកស្លាប់ កាលពីវេលាម៉ោងប្រមាណ៥និង៣០នាទីព្រឹកថ្ងៃទី១៩ ធ្នូ ម្សិលមិញនេះ សាកសពត្រូវបានប្រទះឃើញអណ្តែតទឹកសមុទ្រហើយនៅព្រឹកថ្ងៃទី២០ ខែឆ្នាំដដែលនេះ នៅចំណុចមាត់ទំនប់ ច្រកចូលចុងទំនប់ តំបន់ទំនប់រលក ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។

ករណីនេះ ម្ចាស់ទូកបានបំភ្លឺប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់បានភ្ញាក់ពីព្រឹក ហើយដើរទៅដាស់ជនរងគ្រោះឲ្យភ្ញាក់ពីដេកទៅលើកយុថ្កា ដើម្បីរៀបចំចេញទូកទៅនេសាទ។ គាត់បន្តថា ខណៈពេលរូបគាត់ដើរចុះទៅបញ្ឆេះម៉ាស៊ីនទូក ពេលឡើងមកលើវិញ ស្រាប់តែបាត់មិនឃើញជនរងគ្រោះសោះ ទោះខំដើររកយ៉ាងណា ក៏រកមិនឃើញដែរ ហើយក៏មានការសង្ស័យជនរងគ្រោះដេករមៀលធ្លាក់ទឹក។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ង៉ែត អាន ភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបរកម្មករទូក (កូនដៃ) មានស្រុកកំណើតនៅភូមិប្រាសាទភ្នំខ្យង ឃុំប្រសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត និងបច្ចុប្បន្នស្នាក់នៅលើទូកក្នុងក្រុមទី៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។ ចំណែក​ម្ចាស់ទូកមានឈ្មោះ នួន សុខ ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ សមត្ថកិច្ចបានបន្តថា សពជនរងគ្រោះ ត្រូវគេរកឃើញអណ្តែតទឹកសមុទ្រក្បែរកន្លែងធ្លាក់។

លោកអនុសេនីយ៍ទោ នាក់ គន្ធ នាយផ្នែកការិយាល័យបច្ចេកទេសកោសល្យវិច័យ និងវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ឆ្លងតាមការត្រួតពិនិត្យនៅលើដងខ្លួនសាកសព ពុំមានស្លាកស្នាមណាមួយ ដែលពាក់ព័ន្ធនឹងករណីមនុស្សឃាតនោះទេ។ យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចជំនាញបានសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារឈ្លក់ទឹក។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់