ព័ត៌មានជាតិ

ឪពុកល្មោភកាម ចាប់រំលោភកូនស្រីបានសម្រេច១០ដង ទើបបែកការ

ស្ទឹងត្រែងៈ កុមារីរងគ្រោះម្នាក់ ត្រូវឪពុកចុងរបស់ខ្លួនគំរាមចាប់រំលោភបានសម្រេចរហូត១០ដង ទើបដឹងដល់ម្តាយបង្កើត ទៅដាក់ពាក្យបណ្តឹងនៅនគរបាលកណ្តាលព្រហ្មទណ្ឌខេត្ត និងឈានដល់ការឃាត់ខ្លួនបញ្ជូនទៅកាន់តុលា កាលពីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦។ ហេតុការណ៍ឃាត់ជនល្មោភកាមជាឪពុកចុងនេះ បានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចព្រៃចាស់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ម្តាយកុមារីរងគ្រោះឈ្មោះ គូ ប៊ូខៃ អាយុ៣៤ឆ្នាំ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦មក ទើបសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបានភ្លាមៗផងដែរ និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យ(ឪពុកចុង)ដែលឃាត់ខ្លួនខាងលើមានឈ្មោះ ចាយ ចៅនី រស់នៅភូមិស្តៅ១ ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ចំណែកកុមារីរងគ្រោះ ឈ្មោះ ថ ស.ណ អាយុ១១ឆ្នាំ រស់នៅភូមិជាមួយគ្នា។ កុមារីរងគ្រោះខាងលើបានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីខែតុលា ឆ្នាំ២០១៦ខ្លួនកំពុងដេកនៅក្នុងបន្ទប់ ស្រាប់តែឪពុកចុង ឈ្មោះចាយ ចៅនី ចូលមកស្ទាបអង្អែលលើខ្លួន រួចគំរាមថា បើហ៊ានប្រាប់ម្តាយឯងអញមិនឲ្យគ្រួសារមានសេចក្តីសុខទេ ហើយក៏រំលោភបានសម្រេចតែម្តង។ នាងប្រាបបន្តថា លុះបានមួយសប្តាហ៍ក្រោយមក ឪពុកចុងខ្លួនបានលួងនាងចាប់រំលោភបានសម្រេចថែមទៀត។ ដល់ក្រោយៗទៀតឪពុកចុងរបស់នាងបានចាប់រំលោភសម្រេចបន្តបន្ទាប់រហូតដល់១០ដង ទើបម្តាយបង្កើតដឹងរឿង ក៏ដាក់ពាក្យបណ្តឹងតែម្តង។ ហើយមូលហេតុដែលនាងមិនហ៊ានប្រាប់គេ ព្រោះដោយសារខា្លចឪពុកចុងនាងគំរាមទៅលើគ្រួសារនាង។ ក្រោយការឃាត់ខ្លួនជនសង្ស័យជាឪពុកចុងឈ្មោះ ចាយ ចៅនី រួចហើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភ និងគំរាមកុមារី ជាកូនចុងរបស់ខ្លួនប្រាកដមែន។

បច្ចុប្បន្ន កម្លាំងនគរបាលកណ្តាលព្រហ្មទណ្ឌ បានកសាង និងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់