ភ្នំពេញៈ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង បត់ឆ្វេងបំណងត្រឡប់ក្រោយ ដោយមិនប្រយ័ត្ន ក៏ត្រូវបានរថយន្តកុងតឺន័របុក និងកិនអូសបណ្តាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ហើយរថយន្តក៏ព្យាយាម បើករត់តែក៏ត្រូវប្រជាពលរដ្ឋស្ទាក់ចាប់បាន បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចស្តុបសាលាជម្ពូវ័ន តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ រ័ត្ន ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ាស៊ីនកាត់ដេរ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ស៊ុយស័រគីស្មាក ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1V-8305 តាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ។ លុះពេលដល់ចំណុចកើតហេតុ ម៉ូតូនោះក៏បានបត់ឆ្វេងត្រឡប់ទៅក្រោយវិញ ខណៈពេលនោះស្រាប់តែមានរថយន្តកុងតឺន័រមួយគ្រឿង ពណ៌ខៀវលាយស ពាក់ស្លាកលេខភ្នំពេញ 3B-6633 ដែលបើកបរដោយបុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។ រួចក៏ជ្រុលទៅបុកពីក្រោយម៉ូតូ និងកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះ ដែលជាអ្នករួមដំណើរបានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ។ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ រីឯម៉ូតូបានរងការខូចខាតយ៉ាងដំណំង ។ ភ្លាមៗនោះរថយន្តបង្កបានព្យាយាម បើករត់ចេញពីកន្លែងកើតហេតុ ជាច្រើនរយម៉ែត្រ តែត្រូវបានប្រជាពលរដ្ឋនឹងសមត្ថកិច្ចដេញឃាត់បានភ្លាមៗ ព្រមទាំងឃាត់បានទាំងតៃកុងរថយន្តផងដែរ ។ បន្ទាប់មករថយន្តសង្គ្រោះរបស់គ្លីនិកឯកជន ក៏បានមកដឹកជនរងគ្រោះ ដែលជាអ្នកបើកបរម៉ូតូរបួសធ្ងន់ យកទៅធ្វើការសង្គ្រោះភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យភ្លាមៗ ហើយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យ បានទាក់ទងទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីមកវាស់វែងនិងយកម៉ូតូជនរងគ្រោះ ព្រមទាំងរថយន្តបង្កនឹងតៃកុងរថយន្ត យកទៅផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់