ព័ត៌មានបច្ចេកវិទ្យា

វិភាគកំពូលទូរស័ព្ទដៃទាំង ៣ ម៉ូដែល

មកដល់ត្រឹមពេលនេះ គឺថាមានទូរស័ព្ទជាច្រើនដែលកំពុងស្ថិតក្នុងការប្រកួតប្រជែងសមត្ថភាពគ្នានៅលើទីផ្សារ។ ប៉ុន្តែទូរស័ព្ទដៃមួយចំនួនខ្លះ បានភ្ជាប់មកជាមួយលក្ខណ:ពិសេសខុសពីគេ ហើយក៏ទទួលបានប្រជាប្រិយភាពខ្លាំង និងសុទ្ធសឹងតែជាផលិតផលរបស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សកំពូលៗ ជាអ្នកបង្កើតឡើងដោយផ្ទាល់ដូចគ្នា។
ប្រសិនបើប្រិយមិត្តសម្រេចចិត្តថានឹងទិញទូរស័ព្ទដៃណាមួយយកមកប្រើ សូមប្រាកដចិត្តថា ទូរស័ព្ទដែលបានជ្រើសរើសយកមកនោះ វាមានសមត្ថភាពសាកសមនឹងតម្រូវការអ្នកដែរឬក៏អត់។ ដើម្បីជាទុនក្នុងការជ្រើសរើសទូរស័ព្ទឱ្យសាកសមបំផុតសម្រាប់លោកអ្នក Post Tech សូមលើកយកកំពូលទូរស័ព្ទដៃចំនួន ៣ ស៊េរី ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា យកមកបង្ហាញជូនប្រិយមិត្តឲ្យបានជ្រាប ពីចំណុចល្អ និងចំណុចមិនល្អរបស់វាដូចខាងក្រោម៖

១ – Google Pixel XL (តម្លៃ ១,០៣០ ដុល្លារ)៖ គឺជាទូរស័ព្ទដៃទើបនឹងចេញថ្មី ហើយក៏ជាម៉ូដែលដំបូងគេបង្អស់របស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្ស Google ផលិតឡើងដោយផ្ទាល់ផងដែរ ប៉ុន្តែវាមានតម្លៃថ្លៃជាងគេ។ ដោយឡែកទូរស័ព្ទដៃកំពូលមួយនេះ គឺជាគូប្រកួតប្រជែងដ៏ខ្លាំងកា្លជាមួយនឹងទូរស័ព្ទដៃ Apple iPhone 7 Plus និង Samsung Galaxy S7 Edge ជាពិសេសទៅលើសមត្ថភាពកាមរ៉ាកម្រិត 4K ដែលអាចផ្តិតយករូបភាព-វីដេអូដភ្លឺច្បាស់ដូចជាកាមេរ៉ាអាជីព។ ដូច្នេះ ប្រសិនបើលោកអ្នកស្រឡាញ់ការថតរូប មិនខ្វល់ពីតម្លៃ ហើយរើសម៉ាក Google Pixel XL គឺជាជម្រើសដ៏សាកសមបំផុត។

២ – Apple iPhone 7 Plus (តម្លៃ ៨៧០ ដុល្លារ) ៖ គឺជាទូរស័ព្ទដៃទំនើបទើបនឹងចេញ ហើយវាទទួលបានប្រជាប្រិយភាពខ្លាំងជាង Google Pixel XL ដោយសារតែវាជាផលិតផលរបស់ក្រុមហ៊ុន Apple ដែលមានការទទួលស្គាល់ពីគុណភាព និងការផ្តល់ទំនុកចិត្តខ្ពស់។ ទោះយ៉ាងណា បើយោងតាមសមត្ថភាពរបស់ iPhone 7 Plus គឺមិនទាន់ឈរលើលំដាប់ថ្នាក់កំពូលនោះទេ ជាពិសេសលើ កម្រិតភាពច្បាស់ និងខ្នាតអេក្រង់ ពោលគឺ វាទាបជាង Pixel XL និង Galaxy S7 Edge នៅឡើយ ដោយមានប្រើត្រឹមអេក្រង់ខ្នាត Full HD ដែលមានកម្រិតភាពច្បាស់ត្រឹម ៤០១ppi ខណ: គូប្រជែងទាំងពីប្រើអេក្រង់ខ្នាត 2K ជាមួយកម្រិតភាពច្បាស់ដល់ទៅជាង ៥០០ppi។ ជារួម ប្រសិនបើលោកអ្នកជា fan របស់ផលិតផល Apple ជឿទុកចិត្តអំពីគុណភាពរបស់វា iPhone 7 Plus គឺជាជម្រើសដ៏ល្អបំផុត។

៣ – Samsung Galaxy S7 Edge (តម្លៃ ៧០០ ដុល្លារ)៖ គឺជាទូរស័ព្ទដែលបានចេញមុនគេ មានតម្លៃទាបជាងគេ ប៉ុន្តែសមត្ថភាពរបស់វា គឺមិនចាញ់ទូរស័ព្ទដៃទាំង ២ ខាងលើនេះឡើយ ដោយហេតុថាឋិតក្នុងត្រកូល Galaxy S ដែលមានប្រជាប្រិយភាពជាយូរណាស់មកហើយ ហើយក៏មិនធ្លាប់មានរឿងអាស្រូវលេចឮអ្វីដែរ។ ម្យ៉ាងទៀត រចនាបថអេក្រង់របស់វា គឺកោងសងខាង ទំនើបដាច់ពីគូប្រជែងទាំងពីរខាងលើ ហើយនៅពេលដែលលោកអ្នកកាន់ប្រើ នឹងមានអារម្មណ៍ពិសេសប្លែកពីបណ្តាទូរស័ព្ទកំពូលៗដទៃ។ ម្លោះហើយ ប្រសិនបើអ្នកស្រឡាញ់អេក្រង់កោងរបស់វា S7 Edge គឺប្រាកដជាសាកសមបំផុតសម្រាប់អ្នក។

បញ្ជាក់៖ តម្លៃដែលបង្ហាញខាងលើ ជាតម្លៃទីផ្សារក្នុងស្រុក ផ្តល់ជូនដោយគេហទំព័រ Hakse.com.kh។

មតិយោបល់