ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ ចុះត្រួតពិនិត្យជនបរទេសនៅសង្កាត់ជើងឯក

ភ្នំពេញៈ នៅវេលាម៉ោង៦ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាល នៃនាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយនគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យការចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ នៅចំណុចភូមិបុរីកម្មករ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រតិបត្តិការចុះត្រួតពិនិត្យខាងលើនេះដែរធ្វើឡើង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ។

ជាលទ្ធផលសមត្ថកិច្ច បានរកឃើញជនជាតិវៀតណាមចំនួន៣៨នាក់ មានលិខិតឆ្លងដែនត្រឹមត្រូវ ប៉ុន្តែពួកគេគ្មានលិខិតអនុញ្ញាតការងារ ដូច្នេះហើយសមត្ថកិច្ចពុំបានធ្វើការឃាត់ខ្លួនជនទាំង៣៨នាក់ឡើយ គ្រាន់តែធ្វើការដកហូតលិខិតឆ្លងដែនរបស់ពួកគេ យកទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍រង់ចាំម្ចាស់សមីបុគ្គលចូលខ្លួនទៅបង់ពិន័យ ចំពោះលិខិតការងារ តាមច្បាប់អន្តោប្រវេសន៍ ។

ឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ចំពោះជនបរទេសណា ដែលចូលមករស់នៅ និងធ្វើការដោយខុសច្បាប់ ដោយគ្មានភ្ជាប់ជាមួយលិខិតឆ្លងដែន ឬឯកសារពាក់ព័ន្ធផ្សេងនោះ ពួកគេនឹងត្រូវឃាត់ខ្លួនបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីកសាងសំណុំបែបបទស្នើរទៅក្រសួងមហាផ្ទៃសុំធ្វើការបណ្តេញចេញពីកម្ពុជា ទៅកាន់ប្រទេសដើមខ្លួនវិញ នៅពេលខាងមុខ។ ដោយឡែកចំពោះជនដែលមានច្បាប់អនុញ្ញាតឲ្យរស់នៅស្របច្បាប់ ប៉ុន្តែគ្មានលិខិតអនុញ្ញាតការងារ ពួកគេនឹងត្រូវពិន័យ ៥០ម៉ឺនរៀលចូលរដ្ឋ រួចរង់ចាំផុតទិដ្ឋការ នៃការអនុញ្ញាតច្បាប់រស់នៅ ទើបសម្រេចធ្វើការបណ្តេញចេញ៕

មតិយោបល់