ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តស៊េរីទំនើប បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបួសនារីម្នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប បុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរបួសនារីម្នាក់ ត្រូវបានដឹកតាមរ៉ឺម៉កម៉ូតកង់បី ទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៤ និង ២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញមាននារី ២នាក់ បានរួមដំណើរ ជាមួយបុរសជនជាតិចិនខាងលើ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDESG L450 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2H-9889 ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះមុនីវង្ស។ មកដល់ចំណុចកើតហេតុ រថយន្តមានល្បឿនលឿនពេក ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត ខ្ទេចមួយកំណាត់មុខ និងរបាំងថ្មខូចខាតអស់ពីរផ្ទាំង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ទីតាំងខាងលើ រួចទាក់ទងទៅជំនាញ មកវាស់វែង និងស្ទូចរថយន្តបង្ក ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយពេលក្រោយ៕

មតិយោបល់