កណ្តាលៈ ករណីហិង្សាដោយចេតនាបានកើតឡើងបង្កការភ្ញាក់ផ្អើល ដោយជនសង្ស័យមានគ្នាជាច្រើននាក់ ព្រួតគ្នាវាយទៅលើជនរងគ្រោះជាអ្នកលក់បុកល្ហុងបណ្តាលឲ្យរងរបួសយ៉ាងដំណំនៅលើផ្ទៃមុខ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ចំណុចភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ជៀម សាន់ ភេទប្រុសអាយុ៣២ឆ្នាំ (ជនជាតិខ្មែរ)មុខលក់ដូរ(របួសលើផ្ទៃមុខធ្ងន់ធ្ងរ)មានទីលំនៅភូមិឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះ ញាន រ៉ាវិត ហៅ ម៉ាប់ ភេទប្រុស អាយុ២៦ឆ្នាំ(ជនជាតិខ្មែរ) មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ(គេចខ្លួន) និងបក្ខពួកផ្សេងទៀតមិនស្គាល់ឈ្មោះគេចខ្លួនបានផងដែរ។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះបើកម៉ូតូកង់បីសណ្តោង(លក់បុកល្ហុង)របស់ខ្លួនចេញពីចំណុចកំពង់ចម្លងដរផ្លូវត្រី ក្នុងគោលបំណងទៅផ្ទះ លុះពេលបើកដល់ចំណុចកើតហេតុខាងលើ ដោយវ៉ាក់អើនឹងរថយន្ត១គ្រឿងកំពង់ធ្វើដំណើរបញ្ច្រាសគ្នា ជនរងគ្រោះ ក៏បើកម៉ូតូសណ្តោងរបស់ខ្លួនទៅឈប់នៅខាងមុខរោងលក់ដូររបស់ជនសង្ស័យ ពេលនោះជនសង្ស័យបានមកឈ្លោះប្រកែកគ្នាជាមួយជនរងគ្រោះតែម្តង។ មួយសន្ទុះក្រោយមក ជនរងគ្រោះបានស្រែកទៅកាន់ជនសង្ស័យថាអ្ហែងលក់គ្រឿងញៀន គ្រាន់តែនិយាយចប់ ជនសង្ស័យ រួមនឹងបក្សពួកបានព្រួតគ្នាដាល់ទៅលើជនរងគ្រោះជាច្រើនដៃលើផ្ទៃមុខ និងទាត់ជាច្រើនជើង បណ្តាលឲ្យរបួសត្រង់លើផ្ទៃមុខយ៉ាងដំណំ។
ក្រោយពីធ្វើសកម្មភាពវាយទៅលើជនរងគ្រោះក្រោយមក ជនសង្ស័យបាននាំគ្នារត់គេចខ្លួនបាត់អស់តែម្តង។ ចំនែកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដីឥដ្ឋដើម្បីរង់ចាំការដោះស្រាយ៕
មតិយោបល់