ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រុស្ស៊ី និងតួកគីនៅតែស្និតនឹងគ្នា បើទោះជាមានឃាតកម្ម​លើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី

រុស្ស៊ី​ និង​តួកគី​បានចេញសេចក្តីថ្លែងការរួមមូយថា ​ឃាតកម្ម​លើ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​នៅ​ប្រទេស​តួកគី ​នឹង​មិន​ប៉ះ​ពាល់​ដល់​ទំ​នាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ទេ។ នេះយោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២១​ ខែធ្នូ ឆ្នាំ២០១៦។

ប្រធានាធិបតី​តួកគី ​លោក​ Recep Tayyip Erdogan ​បាន​និយាយ​នៅ​ក្នុង​រដ្ឋធានីអ៊ីស្តង់ប៊ុល ​បន្ទាប់​ពី​មេដឹកនាំ​ទាំង​ពីរ​និយាយ​គ្នា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា លោកនឹងពង្រីក​សហប្រតិបត្តិការ​រ​ជាមួយ​នឹង​រុស្ស៊ី ជាពិសេស​ទៅ​លើ​បញ្ហា​ក្នុង​ប្រទេស​ស៊ីរី ។​

រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ដាក់​កម្រង​ផ្កា ​កាល​ពី​ថ្ងៃ​អង្គារ នៅ​លើ​រូបថត​របស់​លោក​ឯកអគ្គរដ្ឋទូត ​Andrei Karlov ​នៅ​ក្នុង​ទីក្រុង​មូស្គូ។ លោក​ Karlov ត្រូវ​បាន​ប៉ូលិស​មិន​ជាប់កាតព្វកិច្ច​ម្នាក់ ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​មាន​ហេតុការណ៍​បាតុកម្ម​មួយ ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រទេស​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​ស៊ីរី។​

រដ្ឋមន្ត្រី​ការ​បរទេស​តួកគី ​លោក​ Mevlut Cavusoglu ​កំពុង​ស្ថិត​នៅ​ក្នុង​ទីក្រុងមូស្គូ ជាមួយ​នឹង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

សូមជំរាបថា សាកសព​របស់​លោក ​Karlov ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ទីក្រុង​មូស្គូ​ហើយ ​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ដោយ​ភរិយា​របស់​លោក​បាន​អម​ដំណើរ​ជាមួយ៕

មតិយោបល់