ភ្នំពេញៈ រថយន្តស៊ាំយ៉ុងមួយគ្រឿងបានក្រឡាប់ផ្ងារជើងនៅក្នុងប្រឡាយទឹកស្អុយ ខណៈដែលព្យាយាមវ៉ារថយន្តធន់ធំមួយគ្រឿងផ្សេងទៀតតែមិនផុត ចំណែកម្ចាស់រថយន្តធាក់ទ្វារថយន្តចេញពីក្នុងទឹកឡើងរួចដើរទៅផ្ទះសម្រាន្តយ៉ាងលក់ស្រួល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3405 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានព្យាយាមបើកវ៉ារថយន្តធន់ធំមួយគ្រឿងទៀត តែវ៉ាមិនផុតក៏ស្រាប់តែរេចង្កូតធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ ផ្ងារជើងតែម្តង។ ភ្លាមៗនោះម្ចាស់រថយន្ត បានធាក់ទ្វារទម្លាយចេញក្រៅរួចងើបចេញពីក្នុងទឹកឡើងគោកវិញ ហើយដើរសំដៅទៅដល់ផ្ទះ ហៅប្អូនប្រុសឲ្យទៅចាំមើលរថយន្តវិញ ហើយងូតទឹកចេញគេងលក់យ៉ាងស្រួល។
ក្រោយកើតហេតុមក សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុនិងបានត្រួតពិនិត្យឃើញថា មិនបានបង្កគ្រោះថ្នាក់លើអ្នកដទៃ ក៏សម្រេចឲ្យម្ចាស់រថយន្តហៅរថយន្តស្ទួច មកស្ទួចយករថយន្ត ទៅជួសជុលដោយខ្លួនឯង ៕
មតិយោបល់