ព័ត៌មានជាតិ

មន្ត្រីនគរបាល ឃាត់ខ្លួនជនសង្ស័យ ជាសង្ឃក្លែងក្លាយម្នាក់ យកទៅសាកសួរ

ភ្នំពេញ:សង្ឃក្លែងក្លាយម្នាក់ ត្រូវបានអាជ្ញាធរ សាលាខណ្ឌសែនសុខ ប្រទះឃើញហើយ ដោយសង្ស័យ ក៏បានឃាត់ខ្លួន និងនាំយកមកសាកសួរ បន្ទាប់ពីជនសង្ស័យ ជាសង្ឃអង្គនេះ បាននិម្តរៃអង្គាសបច្ច័យ ពីប្រជាពលរដ្ឋ កាលពីវេលាម៉ោង០៤ និង៣៥នាទី រសៀលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវ២០០២ ស្ថិតក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មន្ត្រីនគរបាល បានឱ្យភ្នាក់ងារ Post News ដឹងថា ជនសង្ស័យ ជាសង្ឃក្លែងក្លាយម្នាក់នោះ មានឈ្មោះ សាត់ រ៉ាត់ អាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះញោមធ័ម (អ្នករាប់អាន) ម្ដុំក្រោយ វត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានស្រុកកំណើត ភូមិឫស្សី ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

តាមប្រភពពីអាជ្ញាធរ សាលាខណ្ឌសែនសុខ បានឱ្យដឹងបន្ថែមថា មុនពេលកើតហេតុ កម្លាំងល្បាតរបស់សាលាខណ្ឌសែនសុខ បានចុះល្បាត នៅចំនុចខាងលើ ក៏បានប្រទះជនសង្ស័យម្នាក់នេះ កំពុងតែដើរអង្គាសបច្ច័យ យកទៅកសាង វត្តសាមគ្គីរាមអូរជ្រៅ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ពេលនោះកម្លាំងសាលាខណ្ឌ មានការសង្ស័យ ក៏បាននាំខ្លួនជនសង្ស័យនោះ មកកាន់សាលាអនុគុណ ខណ្ឌសែនសុខ ដែលស្ថិតក្នុង វត្តសំរោងអណ្ដែត ដើម្បីធ្វើការសួរនាំ និងឆែករក ព្រះឆាយលក្ខ័ តែគ្មាន។ ក្រោយមក ក៏បានធ្វើការទាក់ទងតាមទូរសព្ទ័ ទៅចៅអធិការវត្ត នៅក្នុងប្រូក្រាម តែព្រះចៅអធិការ បានឆ្លើយថា មិនបានស្គាល់ ជននោះឡើយ។

បច្ចុប្បន្ន គណ:កម្មការធម្មការ និងសាសនា នៃខណ្ឌសែនសុខ បានធ្វើការដោះស្បងជីវរចេញ ហើយបានប្រគល់ ឱ្យទៅកាន់ មន្ត្រីមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើកិច្ចសន្យា ណែនាំអប់រំ ដើម្បីឱ្យបុរសម្នាក់នោះរៀងចាល និងឈប់ប្រព្រឹត្តអំពើ បែបនេះទៀត៕

photo_2016-05-05_00-53-06 photo_2016-05-05_00-53-12 photo_2016-05-05_00-53-15

មតិយោបល់