ព័ត៌មានជាតិ

ឌឺដងគ្នាក្នុងស្ដាម៉ាត ចាក់៤ដែកឆាបរបួសធ្ងន់២នាក់

កំពង់ធំៈ បុរសវ័យក្មេង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បន្ទាប់ពីពួកគេ១ក្រុម បានធ្វើសកម្មភាពវាយតប់ និងចាក់ជាច្រើនដែកឆាបទៅជនរងគ្រោះ២នាក់ ដែលកំពុងតែអង្គុយលេងនៅក្នុងស្តាម៉ាត កាលពីវេលាម៉ោង១០យប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅហាងរំលងថ្មី ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុគេបានឃើញជនរងគ្រោះមានគ្នា២នាក់ បានចូលទៅញ៉ាំភេសជ្ជៈនៅក្នុងម៉ាត ហាងរំលងថ្មី ស្រាប់តែមួយសន្ទុះក្រោយមកក៏មានយុវជន១ក្រុមទៀត មានគ្នា៤ទៅ៥នាក់ បានចូលទៅអង្គុយហូបភេសជ្ជៈដែរ ហើយក៏បានទាស់សំដីគ្នាបន្តិចបន្តួច ស្រាប់តែយុវជន១ក្រុមនេះបានមកវាយតប់ និងចាក់ទៅលើបុរស២នាក់ ត្រូវម្នាក់ៗ២ដែកឆាប បណ្ដាលឲ្យរបួសធ្ងន់ ហើយក្រុមជនបង្ករត់គេចខ្លួនអស់ ទើបសមត្ថកិច្ចប៉ុស្តិ៍មូលដ្ឋានទ្រៀល បានចុះស្រាវជ្រាវរកមុខសញ្ញាភ្លាមៗ។

លោកវរសេនីយ៍ត្រី កែកាញ់ ចាណា អធិការរងនគរបាលស្រុកបារាយណ៍ បានបញ្ជាក់ថា បន្ទាប់ពីដឹងមុខសញ្ញាច្បាស់ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យបាន២នាក់នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ និងធ្វើការសាកសួរ។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ សានផល ភេទប្រុស អាយុ២៤ឆ្នាំរស់នៅភូមិឈូក ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងទី២.ឈ្មោះ ឌឹម វណ្ណៈ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិឃុំ ជាមួយគ្នា ក្នុងស្រុកបារាយណ៍។ ចំណែកជនរងគ្រោះឈ្មោះ ជិន ខេមរិន ភេទប្រុស២៥ឆ្នាំ និងឈ្មោះ ហោ សុខ ភេទប្រុស អាយុ២៧ឆ្នាំរស់នៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយថា ពួគគេបានវាយតប់និងចាក់ទៅលើជនរងគ្រោះមែន ព្រោះខឹងជនរងគ្រោះនិយាយឌឺដងដាក់ពួកគេ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបំពេញសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចាត់ការបន្តតាមច្បាប់៕

មតិយោបល់