ព័ត៌មានជាតិ

និស្សិតម្នាក់ ជិះម៉ូតូទៅផឹកស៊ីនៅផ្ទះសង្សារខ្លួន ត្រូវជនសង្ស័យ ៣នាក់ ធ្វើសកម្មភាពលួចម៉ូតូ

កណ្ដាល: កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ មានករណីលួចម៉ូតូ នៅចំណុចភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះកាន់ សក្ក័ណា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ និសិ្សត ។ ចំណែកជនសង្ស័យ០៣នាក់ (ត្រូវឃាត់ខ្លួន)៖ ទី១-ឈ្មោះងៀប សាដទីរ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះគ្មានលេខផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ ទី២-ឈ្មោះតាំង សៀវហ្វុង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះលេខ ៥២ផ្លូវលេខ២៥១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ និងទី៣-ឈ្មោះណែម សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មិនពិតប្រាកដ។

វត្ថុតាងដកហូតបាន៖
– ម៉ូតូ១គ្រឿង ម៉ាក MSX ពណ៌ក្រហម ស៊េរី២០១៥ គ្មានស្លាកលេខ (របស់ជនរងគ្រោះ)។
– ម៉ូតូម៉ាក Kawasaki ពណ៌ខ្មៅលាយស ស៊េរី២០១៣ ស្លាកលេខខេមរ:ភូមិន្ទ០១-១-៩០៧៧ (របស់ជនល្មើស)។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះ បានជិះម៉ូតូមកផឹកស៊ី នៅផ្ទះជួលរបស់សង្សារខ្លួន នៅចំណុចខាងលើ ហើយបានចតម៉ូតូទុកចោល នៅជាន់ផ្ទាល់ដី រួចឡើងទៅផឹកស៊ីនៅជាន់ខាងលើ រហូតដល់វេលាម៉ោង ៥ និង៣០នាទីល្ងាច ពេលមករកម៉ូតូក៏បាត់តែម្តង ទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល។

បន្ទាប់មកកម្លាំងយុត្តិធម៌ក្រុងតាខ្មៅ បានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាងយកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់