ព័ត៌មានជាតិ

កម្លាំងគយខេត្តកំពង់ចាម ចុះត្រួតពិនិត្យហាងលក់ម៉ូតូ៦កន្លែង រឹបអូសម៉ូតូគ្មានពន្ធ ជិត៣០គ្រឿង

កំពង់ចាម: កម្លាំងសាខាគយនិងរដ្ឋាករខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងកម្លាំងនគរបាលស្រុកចម្ការលើ បានចុះត្រួតពិនិត្យឆែកឆេរតាមហាងទិញ និងលក់ម៉ូតូចំនួន៦កន្លែង រកឃើញនិងរឹបអូស បានម៉ូតូគ្មានពន្ធនាំចូលចំនួន២៨គ្រឿង កាលពីព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងឃុំបុសខ្នុរ និងឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម។

លោក ប្រាក់ ចាន់ធី ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ចាមបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះគឺមានការសម្របសម្រួលពីលោក រៀល សុភិន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម បានដឹកនាំកម្លាំងចម្រុះជាច្រើននាក់ ចុះធ្វើការត្រួតពិនិត្យកន្លែងទិញនិងលក់ម៉ូតូចំនួន៦កន្លែង នៅក្នុងទឹកដីស្រុកចម្ការលើ ក្រោយពីធ្វើការផ្ទៀងផ្ទាត់លើលិខិតស្នាម កម្លាំងបានរកឃើញម៉ូតូចំនួន២៨គ្រឿង ក្នុងនោះនៅឃុំបុសខ្នុរ មានផ្ទះលក់ម៉ូតូ៥កន្លែង រកឃើញម៉ូតូចំនួន២០គ្រឿង និងឃុំស្វាយទាបមាន១កន្លែង រកឃើញម៉ូតូចំនួន៧គ្រឿង ។

ម៉ូតូទាំង ២៨គ្រឿងនេះ សុទ្ធសឹងតែគ្មានពន្ធនាំចូល ហើយត្រូវបានសមត្ថកិច្ចធ្វើការរឹបអូសពីហាងលក់ម៉ូតូទាំងនោះ យកទៅរក្សាទុកនៅស្នាក់ការសាខាគយនិងរដ្ឋាករខេត្តកំពង់ចាម ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់