ព័ត៌មានជាតិ

មន្ត្រី​នគរបាលរងអន្តោប្រវេសន៍​ ត្រូវរថយន្តឡិចស៊ីសបុក?

ប៉ោយប៉ែតៈ មន្ត្រី​នគរបាលរងអន្តោប្រវេសន៍ច្រក​ប៉ោយប៉ែត បានរងគ្រោះរបួសធ្ងន់ ក្រោយពីប្រធាន​សមាគមសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធម្នាក់ បើករថយន្តឡិចស៊ីសបំបុក​វេលាម៉ោង១០និង៣០នាទីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច​ក្បាល​ស្ពាន​ច្រក​ ព្រំដែន​កម្ពុជា​ថៃ​ ក្រុងប៉ោយប៉ែត។

តាមប្រភពពីមន្រ្តីនគរបាលបានឲ្យដឹងថា ជនបង្កមានឈ្មោះ​ ឌិន​ ពុទ្ធិ​ ជា​ប្រធានសមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​។ ចំណែកជនរងគ្រោះឈ្មោះ​ ពីសិទ្ធ​ ជាមន្ត្រី​នគរបាលរងអន្តោប្រវេសន៍​ច្រក​ក្រុងប៉ោយប៉ែត។

ប្រភព​ព័ត៌មាន​បានបន្តឲ្យ​ដឹងទៀតថា​ នៅមុនពេលបង្ក​កើតហេតុ បក្ខ​ពួក​ម៉ូតូ​ឌុប​របស់ជនបង្កមានសភាពរញេរញៃ ហើយជនរងគ្រោះ ក៏បានហាមឃាត់​ ពេលនោះជនបង្ក​មកដល់​ ក៏បានឲ្យ​អ្នករត់ម៉ូតូឌុបឡើងរថយន្ត​ម៉ាក LEXUS RX300 ពណ៌​ស្ករ​ ពាក់ស្លាកលេខ​ បន្ទាយមានជ័យ​ 2.A 5484 ប៉ុន្តែជនរងគ្រោះឃាត់ ឲ្យ​ចុះមកនិយាយគ្នា តែពួកគេមិនព្រម​ ជនរងគ្រោះបានព្យាយាមរារាំភាគីខាងរថយន្តឲ្យ​ឈប់​ និងឈរពាំងឡាន​ ទើបជនបង្ក​បើកបំបុក បណ្ដាលឲ្យ​ជនរងគ្រោះ​រងរបួស ត្រូវបានដឹក​បញ្ជូនទៅ​កាន់​មន្ទី​រពេទ្យ​អារញប្រថេតប្រទេស​ថៃ។

ដោយឡែកយោងតាមប្រភពពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា រថយន្តខាងលើ មិនបានបើកបុកជនរងគ្រោះនោះទេ គឺឃើញតែជនរងគ្រោះដើរទៅវិញទៅមកនៅមុខរថយន្ត ស្រាប់តែដួលតែម្ដង។ អ្នកឃើញហេតុការណ៍ដាក់ជាសំនួរថា “ពិតទេ មន្រ្តីគរបាលរងអន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត ត្រូវរថយន្តបុកនោះ?”

ក្រោយកើតហេតុ រថយន្តបង្ក ត្រូវបានកម្លាំង​នគរបាលអន្តោប្រវេសន៍ច្រកទ្វារយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ មិនប្រគល់ឲ្យ​នគរបាលប៉ុស្តិ៍រដ្ឋបាលនោះទេ៕

https://youtu.be/b1dD9ywyYdg

មតិយោបល់