ភ្នំពេញ:មុននេះបន្តិច យុវជនប្រុស-ស្រី ៤នាក់ បើកម៉ូតូ ១គ្រឿង តាមបណ្ដោយផ្លូវមុន្នីរ៉េត ទិសដៅ ពីកើតទៅលិច លុះមកដល់ចំនុច សាលាប៊ែលធីអន្តជាតិ បានជ្រុលទៅបុករថយន្តកុងតឺន័រ ដែលបត់ឆ្លងផ្លូវ ចំពីមុខពេញទំហឹង បណ្ដាលឱ្យរងរបួសបាក់ដៃឆ្វេងម្នាក់ និង ៣នាក់ទៀត រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាវេលាម៉ោង១២:៥០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦ ស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមប្រភពព័ត៍ ពីកន្លែងកើតហេតុ បានឱ្យ Post News ដឹងថា មុនពេលកើតហេតុ គេឃើញ រថយន្តកុងតឺន័រ ១គ្រឿង ក្បាលពណ័ស ពាក់ស្លាកលេខ ភ្នំពេញ 3A-0509 បើកពីត្បូងទៅជើង តាមផ្លូវ២១៧ ខណះមកដល់ចំនុចខាងលើ បានបត់ឆ្លងផ្លវ លុះក្បាលរថយន្ត ឆ្លងបានពាក់កណ្ដាលផ្លូវទៅហើយ ក៍មានម៉ូតូ ឌ្រីមសង់ 015 ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CV-4447 បើកពីកើតទៅលិច ក្នងល្បឿនលឿន ចាប់ហ្វាំងមិនទាន់ បានជ្រុលទៅបុករថយន្ត ចំពីមុខពេញទំហឹង បណ្ដាលឱ្យដួលបោកនឹងថ្នល់ រងរបួសបាក់ដៃខាងឆ្វេងម្នាក់ និង ៣នាក់ទៀត រងរបួសស្រាល ត្រូវបាន រថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះភ្លាមៗ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ និងធ្វើវាស់វែង រួចយករថយន្ត និងម៉ូតូ ទៅកាន់ អធិការដ្ឋានចរាចរណ៍ ខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ៕
មតិយោបល់